រសៀល ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កុមារកំព្រា ប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២២ សរុបចំនួន ១៣៨នាក់ មកពីខេត្តចំនួន១៤ រាជធានី ខេត្ត គឺ រាជធានីភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពត តាកែវ និងខេត្តព្រះសីហនុ ក្រោមគម្រោងឧបត្ថម្ភរបស់អង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ជាច្រើននាក់ផងដែរ ។
ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះដែរ អង្គការ Hasene នៃប្រទេសអាល្លឺម៉ង់ បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាម តាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ។
ប្រាក់ឧបត្ថម្ភប្រចាំត្រីមាស ដែលផ្តល់ជូនកុមារកំព្រា ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៩០.៤៤ដុល្លារ សរុបចំនួន១៣៨នាក់ គិតជាថវិកាចំនួន ១៣,៨១៩ដុល្លារសហរដ្ឋអាមេរិក ។