ឯកឧត្តម អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ


នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៤០៤នាក់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់ភ្នាក់ងារសង្កេតការណ៍ទាំង ៤០៤រូប ផងដែរ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងនាមជាភ្នាក់ងារសង្កេតការណ៍របស់គណបក្ស ត្រូវខិតខំធ្វើយ៉ាងណាដើម្បីបំពេញកាតព្វកិច្ចឲ្យបានល្អ និងត្រូវសង្កេតរាល់សកម្មភាពខុសច្បាប់របស់គណបក្សប្រឆាំង ក្នុងអំឡុងពេលឃោសនា និងបោះឆ្នោត។

ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត បានរំលឹកអំពីប្រវត្តិរបស់គណបក្ស ក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសយើងមាន លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដោយកម្ពុជាសព្វថ្ងៃនេះជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោក ក្នុងនាមជាប្រទេសមានការអភិវឌ្ឍលឿន។

ឯកឧត្តម អូស្មាន ហាស្សាន់ បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់ អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ២ លើសកលលោក ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើន។

ជាមួយគ្នានោះ ឯកឧត្តមបានណែនាំប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានិងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភ្នាក់ងារសង្កេតការណ៍របស់គណបក្សដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយក៏បានជំរុញដល់ភ្នាក់ងារសង្កេតការណ៍ទាំងអស់ ឲ្យចូលរួមឲ្យសកម្មបន្ថែមទៀតក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នា ជាផ្នែកមួយដ៏សំខាន់សម្រាប់គណបក្ស៕