ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាបើទោះបីជាមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ដូសទី១០ ឬដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ ខណៈពេលវេលានេះមិនមែនជាពេលយកលុយពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាជាពេលវេលាត្រូវជួយប្រជាពលរដ្ឋ។
ការប្រកាសមិនយកថវិកាពីប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់ពីមានការផ្តល់យោបល់ឱ្យសម្តេចកំណត់យកថវិកាពីប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសបន្តបន្ទាប់ទៀត។
ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចតេ បានបន្តជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វា។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «បងប្អូនខ្លះគាត់ឱ្យយោបល់ខ្ញុំថា ចាក់ដូសទី១ ទី២ មិនយកថ្លៃ អីឡូវចាក់ដូសទី៣ គួរតែយកថ្លៃ ខ្ញុំបានប្រាប់ទៅវិញ ខ្ញុំថាអត់ទេ យកមកក៏មិនក្លាយទៅជាអ្នកមានបានដែរ…! ថាវិការបស់យើងក្តី ជំនួយក្តី ចាក់ជូនដោយឥតគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយដែរ ទាំងបញ្ហានយោបាយ ទាំងជាតិសាសន៍ ទាំងសាសនា ទាំងតំបន់ទីក្រុង តំបន់ជនបទទទួលបានដូចៗគ្នា […] សម្រាប់ខ្ញុំ គឺច្បាស់អាកន្លែងហ្នឹងមួយ ត្រូវធានាបើទោះបីជាដូសទី១០ ឬដូសទី២០ ក៏នៅតែមិនយកលុយដែរ បើយកពីប្រជាពលរដ្ឋគាត់កំពុងតែលំបាក ហើយគាត់អត់មានលុយមកចាក់ម៉េចនឹងកើត… ពេលវេលានេះមិនមែនជាពេលវេលាយកលុយពីប្រជាជននោះទេ គឺជាពេលវេលាជួយប្រជាជន»។
បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើមានការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យកថវិកាពីប្រជាពលរដ្ឋច្បាស់នឹងបង្កើតឱ្យមានអំពើពុករលួយពេញទឹកពេញដី តាមរយៈការលួចតម្លើងថ្លៃវ៉ាក់សាំងជាដើម។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្រៅពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃហើយ រាជរដ្ឋាភិបាលត្រូវបញ្ចេញថវិកាប្រមាណជិត ៤០លានដុល្លារ ក្នុងមួយខែ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាកម្មករ ដែលអត់មានការងារធ្វើបន្ទាប់សកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាកការងាររបស់ខ្លួន ដោយសារវិបត្តិរាតត្បាតជំងឺកូវីដ១៩ ដូច្នេះ រាជរដ្ឋាភិបាលត្រូវបន្តកិច្ចការងារនេះបន្តទៀត។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០០៦,០៤៦ នាក់។ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,០១២,៣៨៧នាក់ និងដូសទី៤ ចំនួន ២,២៣០,២១៤នាក់៕