(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វេជ្ជបណ្ឌិត Susan Henshall, Chief Executive Officer City Cancer Challenge Foundation (C/Can) និងសហការី នាទីស្តីការក្រសួងសុខាភិបាល។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជា អាចសម្រេចបានគោលដៅបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស សម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញ។
គណៈប្រតិភូបានថ្លែងអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់និងជាប្រចាំរបស់ក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩រហូតឈានទៅការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។
គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចសិក្សានាពេលនេះ គឺដើម្បីស្វែងយល់អំពីការថែទាំជំងឺមហារីកនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់គម្រោង City Cancer Challenge។ គណៈប្រតិភូនឹងអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធសម្ភារបរិក្ខារវេជ្ជសាស្ត្រ សមត្ថភាពធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំជំងឺមហារីកនៅតាមមន្ទីរពេទ្យជាតិមួយចំនួននៅរាជធានីភ្នំពេញ។
លោកជំទាវ ឱ វណ្ណឌីន បានលើកទឹកចិត្ត និងស្នើសុំភាគីដៃគូពិនិត្យលទ្ធភាពរួមបញ្ចូល Digital Health និងគម្រោង PHC Booster ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។
លោកជំទាវវេជ្ជបណ្ឌិតប្រធានគណៈប្រតិភូ បានបញ្ជាក់ថា សកម្មភាពនានានៃគម្រោង គឺនឹងត្រូវអនុវត្តស្របតាមផែនការយុទ្ធសាស្ត្រជាតិសុខាភិបាល សកម្មភាពជាអាទិភាព និងតម្រូវការជាក់ស្តែង នៃផ្នែកជំងឺមហារីកនៅកម្ពុជា។
លោកជំទាវរដ្ឋលេខាធិការ បានស្នេីឲ្យមានការពិភាក្សាបច្ចេកទេសបន្ថែមទៀតជាមួយនាយកដ្ឋានការពារសុខភាព និងលេីកជាចំណុចសំខាន់ៗ សម្រាប់គម្រោងការសហការ ឈានទៅរកការធ្វេីអនុស្សរណ:យោគយល់គ្នាទៅវិញទៅមកផងដែរ៕