នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់។
បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៣រូប ឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក ឯកឧត្តម អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានអញ្ជើញឡើងស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៥រូប ឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួ ល បន្ទុកបេសកកម្ម ពិសេស អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញឡើងស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕