បន្ទាយមានជ័យ៖ ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្ស ស្រុកមង្គលបូរី។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់អភិបាលស្រុកមង្គលបូរីរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស លោកគ្រូ អ្នកគ្រូ បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសបង ប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរីទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។។
ក្នុងនាមប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជាទទួលបានជោគជ័យដោយទទួលបានការអបអរសាទរពីសហគមន៍ជាតិ និងអន្តរជាតិ ការផ្តល់វ៉ាក់សាំងដល់ប្រជាជនកម្ពុជា និងជនបរទេសដែលនៅកម្ពុជាដោយមិនរើសអើង និន្នាការនយោបាយ សាសនា ជាតិសាសន៍ឡើយ ជាពិសេសការបើកចំហរបេះដូងជាសកលទទួលនាវាវេស្តឺដាមឲ្យចូលចតនៅខេត្ត ព្រះសីហនុ ខណៈពេលដែលប្រទេសនានាបដិសេធក្នុងអំឡុងពេលកូវីដ-១៩ ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំសាសនា វិស័យឯកជន សមាជិក សមាជិការគណបក្ស ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មដោយមិនខ្លាចការនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមយ៉ាងសកម្មដើម្បីអនុវត្តគោនយោបាយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រោះធម្មជាតិ និងបន្តអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យយើងកន្លងមក។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជរាណាចក្រកម្ពុជា និងជាប្រធានគណបក្សរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍គ្រប់វិស័យ។ បន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូតពីគណបក្សប្រជាជនកម្ពុជាបានខិតខំអភិវឌ្ឍប្រទេសជាតិ តាមកម្មវិធីនយោបាយច្បាស់លាស់ ដើម្បីកំណើន ប្រសិទ្ធិភាព សមធម៌ និងការងារ និងដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។ វិស័យសង្គមកិច្ច សុខាភិបាល អប់រំ អភិវឌ្ឍជនបទ កសិកម្ម និងវិស័យដ៏ទៃទៀតកាន់តែមានភាពទំនើប និងកែលម្អរ ជាបន្តបន្ទាប់ស្របតាមការវិវត្តន៍របស់សង្គម និងសកលលោក។ ការអភិវឌ្ឍថ្នាក់ក្រោមជាតិ មានសន្ទុះលឿន និងឆាប់រហ័សឆ្លើយតបបានតាមសំណូមពរប្រជាជនមូលដ្ឋាន សេវាសាធារណៈកាន់តែទទួលខុសត្រូវ និងរហ័ស តម្លាភាព និងមានការចូលរួមពីប្រជាជនមូលដ្ឋាន។ សមិទ្ធិផលរាប់មិនអស់ដែលគណបក្សប្រជាជនបានកសាង និងអភិវឌ្ឍន៍ ដែលទាំងអស់នេះ គឺជាភោគផល ផ្លែផ្កា នៃសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អ បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅតាមមូលដ្ឋាន ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។