នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិនសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់គ្រួសារខ្វះខាតចំនួន ១២០គ្រួសារ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមគម្រោងឧបត្ថម្ភពីអង្គការ មូស្លីមហែលហ្វែន នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោកអភិបាលរងក្រុងច្បារមន លោកអុីម៉ាំខេត្តកំពង់ស្ពឺ គណៈអុីម៉ាំម៉ាស្ជិទ យុវជន ស.ស.យ.ក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ។
ឯកឧត្តម សុះ មុះសិន បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ ។
ឯកឧត្តម បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ដែលជាគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយចូលរួមទាំងអស់គ្នាដើម្បីរក្សាសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រទេសជាតិ និង បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី នៅអាណត្តិបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ចំនួន ១២០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ត្រីខ ៣កំប៉ុង ប្រេងឆា ១ដប អំបិល ១គីឡូក្រាម ស្កសរ ២គីឡូក្រាម និងមី១០កញ្ចប់ អំណោយទាំងនេះ សរុបជាថវិកា ចំនួន ៩,៦០០,០០០រៀល ៕