ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជាអធិបតីក្នុងពិធិចែកអំណោយ និងនាំយកថវិកា ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន៤២គ្រួសារនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ


(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមសុះ មុះសិន សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធិចែកអំណោយ និងផ្តល់ថវិកា ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះចំនួន៤២គ្រួសារនៅក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះ១ យុវជន សសយក យុវជនក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាថ្នាក់កណ្តាល និងថ្នាក់រាជធានីភ្នំពេញ លោកចៅសង្កាត់ច្រាំងចំរេះ១ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
ឯកឧត្តម សុះ មុះសិន បានសម្តែងការចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដោយសារហេតុការណ៍អគ្គិភ័យនេះ។ ឯកឧត្តម ក៏បានលើក ទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ កុំមានការបាក់ទឹកចិត្ត និងត្រូវខិតខំប្រឹងប្រែងឡើងវិញ។

ឯកឧត្តម បានអំពាវនាវដល់អង្គពិធីទាំងអស់ ឲ្យបន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាបន្តទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជានេះហើយ ដែលតែងតែងរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានភាពបែបណា ថ្នាក់ដឹកនាំនៃគណបក្ស មិនទុកបងប្អូនចោលនោះទេ។

ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ»។

សូមជម្រាបជូនដែរថា អំណោយ និងថវិកាដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ ចំនួន៤២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, ឆ្នាំងដាំបាយ ០១ កំសៀវដាំទឹក ០១ មី១កេះ និងថវិកា មួយចំនួន គិតសរុប ជាថវិកា និងសម្ភារៈ ចំនួន ៩ ៩៦០អឺរ៉ូ ស្មើនឹង ១០ ១៣៦ដុល្លារសហរដ្ឋអាមេរិក ។