ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិនសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងឯកឧត្តម
តាន់ រិទ្ធី តំណាងឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកចំការលើ បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកជើងព្រៃ និងស្រុកចំការលើ ខេត្តកំពង់ចាម និងពាំនាំនូវអំណោយ កញ្ចប់អាហារជាគ្រឿងឧបភោគបរិភោគ ដល់ប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ នាពេលកន្លងមក ចំនួន ២០០គ្រួសារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងអាជ្ញាធរភូមិ ឃុំ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគមនិស្សិតមុស្លិមកម្ពុជា ។
ឯកឧត្តម បាននាំក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ឱ្យបានគ្រប់គ្នា។
ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋឲ្យបន្តរក្សាការពារនិងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សាមគ្គីភាព និងចូលរួមអភិវឌ្ឍសង្គម ដើម្បីសុខដុមរមនានៅក្នុងសង្គមជាតិ។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព មានក្តីសង្ឃឹម។ ដើម្បីឱ្យមូលដ្ឋានបន្តរីកចម្រើន និងមានការអភិវឌ្ឍ សូមប្រជាពលរដ្ឋដែលដល់អាយុបោះឆ្នោត និងមានឈ្មោះបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលខ្លួនពេញចិត្ត នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជក់ថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ ខ្វះខាតចំនួន ២០០គ្រួសារ មាន០២ទីតាំង គឺប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅភូមិភូមិសង្កែ(វាលឃ្នង) ឃុំស្តើងជ័យ ស្រុកជើងព្រៃ និងចំនួន ១០០គ្រួសារ នៅភូមិអូបិះ ( អូក្រាយ) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម ត្រីខ ៣កំប៉ុង ប្រេងឆា ១ដប អំបិល ១គីឡូក្រាម ស្កសរ ២គីឡូក្រាម និងមី១០កញ្ចប់ ដែលជាជំនួយរបស់អង្គការមូស្លីមហែលហ្វែន តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ។