ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនប្រមាណ៤ពាន់នាក់ដង្ហែក្បួនឃោសនាបោះឆ្នោត ក្នុងក្រុងកំពង់ចាម


នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ៤០០០នាក់ ដង្ហែក្បួនឃោសនាបោះឆ្នោត ក្នុងក្រុងកំពង់ចាម។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង៤សង្កាត់ ក្នុងក្រុងកំពង់ចាម បានចូលរួម បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នេះមានចំនួន ប្រមាណជា៤០០០ នាក់ ក្នុងនោះអមដំណើរដង្ហែរក្បួន ដោយមធ្យោបាយ មានម៉ូតូ ២០០០គ្រឿង និងរថយន្តតូចចំនួន ១២០គ្រឿង។

ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងថ្ងៃនេះគឺសមាជិកសមាជិកាគណបក្សប្រជាជនទាំង១០ ក្រុង ស្រុក ក្នុងខេត្តកំពង់ចាម បានចេញដំណើររួមគ្នា ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមនៃកម្លាំងសាមគ្គី ដែលកើតចេញពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់សមាជិកសមាជិកា ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យយល់ និងឃើញច្បាស់ អំពីកំលាំងសាមគ្គីដែលគណបក្សប្រជាជនកម្ពុជា បាននាំមកនូវភាពជោគជ័យ ដែលស្ដែងចេញពីមូលដ្ឋានរបស់យើងនៅក្នុងថ្ងៃនេះ ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួនចាំបាច់ត្រូវគោរព ឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ វិន័យ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា៕