គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងខេត្តរតនគិរី


នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃដែល គ.ជ.ប កំណត់ឲ្យគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីប្រកួតប្រជែង បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី៥ ដែលនឹងធ្វើការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតពីប្រជាពលរដ្ឋរៀងៗខ្លួន។

ដោយឡែកសម្រាប់ខេត្តរតនគិរី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា ក៏បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់របស់ខ្លួនយ៉ាងធអិកអធម។ យុទ្ធនាការនេះមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី, ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំគណបក្សដង្ហែក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ក្នុងក្រុងបានលុង ខេត្តរតនគិរី ដោយមានការចូលរួមពីសមាជិកគណបក្ស សកម្មជនយុវជនបក្ស និងប្រជាពលរដ្ឋ អាជីវករ ដែលមានការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ខេត្តរតនគិរី មានចំនួន៥០ ឃុំ/សង្កាត់ ហើយមានគណបក្សនយោបាយចំនួន៦ បានដាក់បេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ្វ៊ុនស៉ិនប៉ិច, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការរកសម្លេងឆ្នោតនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដោយមានសមាជិក សមាជិកា និងអ្នកគាំទ្ររបស់ខ្លួនចូលរួមជាងមួយពាន់នាក់ មានទាំងក្បួន រថយន្ត និងម៉ូតូ រាប់ពាន់គ្រឿង អមដោយមានឧបករណ៍បំពងសំឡេងដ៏កងរំពង ផ្សព្វផ្សាយលើគោលនយោបាយ គណបក្សរបស់ខ្លួន ជូនដល់មហាជនទូទៅបានជ្រួតជ្រាបផងដែរ។ យុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើល សង្កេតការណ៍ ពីតំណាងគណបក្សនយោបាយនានា ជាពិសេស ការការពារសន្តិសុខសារធារណៈ ពីសំណាក់កងកម្លាំង មានសមត្ថកិច្ច របស់ខេត្ត ធ្វើយ៉ាងណាឲ្យ ដំណើរការឃោសនារកសំឡេងឆ្នោត របស់គណបក្ស ប្រព្រឹត្តទៅ ប្រកបដោយភាពរលូន៕