ថ្ងៃទី២ យុទ្ធនាការឃោសនារកសម្លេងឆ្នោត! សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៤៥០នាក់ ហែរក្បួនឃោសនាបោះឆ្នោត នៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ


(តាកែវ)៖ ឯកឧត្តម ម៉ម អំណត់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោត ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៤៥០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
ការហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅយ៉ាងអធឹកអធមដោយមានរថយន្ត ម៉ូតូ និងមេក្រូ ជាច្រើនគ្រឿង ដោយមានការលាយឡំ ទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ម៉ម អំណត់ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវ សុខសន្តិភាពពេញលេញនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមថា តាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនដែលជាគណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។
ឯកឧត្តម ម៉ម អំណត់ ក៏បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សូមគៀងគរបងប្អូនមិត្តភត្តិឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នាដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕