សម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ តាមរយៈកម្មវិធីរាត្រីសមោសរនៅក្រុងដាវ៉ូស


(ដាវ៉ូស-ក្លូស្ទើ, ស្វីស)៖ នៅក្នុងកម្មវិធីរាត្រសមោសរ (Cambodia Night) រៀបចំឡើងដោយក្រុមហ៊ុន វើលដ៏ប្រ៊ីដ នាទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគនៅតំបន់អឺរ៉ុប និងមកពីបណ្តាប្រទេសនានា ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីរាត្រសមោសរ ត្រូវបានរៀបចំឡើងដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប នារាត្រីថ្ងៃទី២៤ ខែឧសភា។ កម្មវិធីនេះរៀបចំឡើងអមជាមួយការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីបង្ហាញនូវសក្តានុពលនៃការវិនិយោគរបស់កម្ពុជា និងទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកកម្ពុជា។ នៅក្នុងពិធីនោះមានអ្នកវិនិយោគ អ្នកធ្វើធុរកិច្ចជាច្រើនរូបមកពីបណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងបណ្តាប្រទេសនានាលើពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែស្វះស្វែងរកការវិនិយោគពីក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារជូនប្រជាពលរដ្ឋនោះ បានចាប់យកឱកាសនេះ បង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលំអរបរិយាកាសវិនិយោគ លើកបង្ហាញនូវភាពជាអំណោយផលនានា សម្រាប់អ្នកវិនិយោគនៅកម្ពុជា។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយសភាគច្រើនជាអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចក្នុងកម្មវិធីរាត្រីសមោសរនោះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ បានផ្តល់ជាឱកាសដ៏វិសេសវិសាលក្នុងការផ្តល់កំណើនសេដ្ឋកិច្ចដល់កម្ពុជាក្នុងអត្រាប្រមាណ៧ភាគរយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីការគ្រប់គ្រងដោយជោគជ័យលើជំងឺកូវីដ១៩ រហូតធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុងការលើកលែងលក្ខខណ្ឌវិធានការការពារជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរចូលទៅកាន់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា កម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងស្រោចសង់សេដ្ឋកិច្ចចេញពីវិបត្តិនៃជំងឺកូវីដ១៩។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាផ្តល់អាទិភាពខ្ពស់លើសកម្មភាពវិនិយោគសំខាន់ៗរួមមាន៖ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ពាក់ព័ន្ធនវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧស្សាហកម្ម គាំទ្រដល់វិស័យកសិកម្ម និងកសិកម្ម-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃម្ហូបអាហារ ឧស្សាហកម្មផលិត ផ្គុំ និងដំឡើងយានយន្ត ឧស្សាហកម្មផលិត ផ្គុំ និងដំឡើងគ្រឿងអគ្គិសនី និងអេឡិចត្រូនិក ឧស្សាហកម្ម និងកម្មន្តសាលធុនធ្ងន់។

បន្ថែមពីលើនោះ កម្ពុជា បានជំរុញកែលំអរបរិយាកាសធុរកិច្ច វិនិយោគ ប្រកបដោយភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការលើកកម្ពស់គុណភាពសេវាឡូជីស្ទីក ការកាត់បន្ថយការចំណាយទាំងពេលវេលា និងថវិកា ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។ បន្ថែមពីលើនេះកម្ពុជា ក៏បានខិតខំស្វែងរក និងបើកចំហរទីផ្សារឱ្យកាន់តែទូលំទូលាយ ដែលបានបញ្ចប់ និងដាក់ឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP។

ជាងនេះទៅទៀតរយៈពេលពីរឆ្នាំកន្លងមកកម្ពុជាបានប្រឹងប្រែងយ៉ាងសកម្ម និងបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តសំខាន់នានា តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ ការកែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងក្រុងសៀមរាប និងក្រុងព្រះសីហនុ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ការសាងសង់ចំណងផែកុងតឺន័រទឹកជ្រៅ នៅក្រុងព្រះសីហនុ សម្តៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីអាមេរិក និងអឺរ៉ុប ចូលត្រង់ទៅកម្ពុជា ការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលតភ្ជាប់ទៅនឹងប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា និងអាស៊ាន និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានឆ្លៀតលើកបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ ក្នុងបំណងស្វែងរកការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរថា កម្ពុជាផ្តល់អាទិភាពខ្ពស់លើវិស័យទេសចរណ៍ ដែលវិស័យនេះមិនត្រឹមតែចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ទុកថាជាវិស័យដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ថែមទៀតផង។ កម្ពុជា បានចាត់ទុកទេសចរណ៍ជាមាសបៃតង កម្ពុជាពិតជាគោលដៅទេសចរណ៍វប្បធម៌ប្រកបដោយការទាក់ទាញមួយនៅក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយៈគ្មានពីរប្រាសាទអង្គរ ប្រាសាទបុរាណរាប់ពាន់ទៀត។ សម្បត្តិបេតិកភណ្ឌអរូបិយនានាដូចជាសិល្បៈ របាំ ល្ខោន ចម្លាក់ ប្រពៃណីរស់នៅប្រកបដោយភាពរស់រវើក និងម្ហូបអាហារដ៏មានរសជាតិឆ្ងាញ់ពិសារ។

សម្តចតេជោ បានបញ្ជាក់ទៀតថា ទោះបីវិស័យទេសចរណ៍កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យនេះ ជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដ៏សំខាន់ និងប្តេជ្ញាគាំទ្រដល់ការស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យបានល្អជាងស្ថានភាពមុនវិបត្តិជំងឺកូវីដ១៩ទៅទៀត ដើម្បីឱ្យវិស័យនេះក្លាយទៅជាសសរស្តម្ភសេដ្ឋកិច្ចជាតិក្នុងការចូលរួមផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា បានចាកចេញពីវិបត្តិនៃជំងឺកូវីដ១៩ ជាមួយភាពជឿជាក់ ភាពទាក់ទាញ ភាពប្រកួតប្រជែងខ្ពស់ ន ិងការអភិវឌ្ឍប្រកបដោយចេរភាព និងបរិយាប័ន្ន។ សម្តេចតេជោ បានអញ្ជើញ និងស្វាគមន៍អ្នកវិនិយោគទាំងឡាយ ដែលមានបំណងស្វែងយល់ ធ្វើដំណើរទេសចរណ៍ និងក្តាប់យកឱកាសវិនិយោគនៅកម្ពុជា។

បន្ទាប់ពីថ្លែងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបជជែកបន្ថែមជាមួយអ្នកវិនិយោគ អ្នកធ្វើធុរកិច្ចដែលមានវត្តមាននៅក្នុងកម្មវិធីនោះ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីរាត្រីសមោសរនោះ អ្នកឧកញ៉ាសៀ ឬទ្ធី បានរៀបចំបង្ហាញនូវមុខម្ហូបប្រពៃណីខ្មែរ ចំនួន១១មុខ រួមទាំងផលិតផលខ្មែរជាច្រើនមុខទៀត ដើម្បីបង្ហាញជូនដល់វាគ្មិនអន្តរជាតិនានា បានភ្លក់នូវរសជាតិពិតៗ នៃម្ហូបប្រពៃណីខ្មែរ ដូចជានំបញ្ចុក សម្លកកូរ អាម៉ុក បង្អែម ខ្មែរ និងភេសជ្ជៈផលិតក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានភ្លក់នូវរស់ជាតិមុខម្ហូបប្រពៃណីខ្មែរ បានសំដែងការកោតសរសើរ ចំពោះអ្នកឧកញ៉ាសៀ ឬទ្ធី ដែលបានរៀបចំនូវរាត្រីសមោលសនេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជា ត្រូវតែបង្កើននូវភាពប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើគ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក៕