ជំនួយការសម្តេច សាយ ឈុំ ចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាពដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល


(ព្រះសីហនុ)៖ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាព ដើម្បីបំពាក់បរិក្ខាវេជ្ជសាស្ត្រនៅខែមិថុនា ឆ្នាំ២០២២ ដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល ( Global Life Sharing ) ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា។

ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាព ឯកឧត្តម សុខ សំណាង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ លោក ម៉ម ប៊ុននាងប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ។

បន្ទាប់មកឯកឧត្តម សុខ សំណាង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់ មណ្ឌលថែទាំសុខភាពដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល ដើម្បពិនិត្យការរៀបចំដើម្បីដំណើរការព្យាបាលជូនប្រជាជនក្រីក្រដោយឥតគិតថ្លៃ ក្រោមគម្រោងមនុស្សធម៌របស់អង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕