ឯកឧត្តម គង់ សោភ័ណ្ឌ និងលោក គឹម រិទ្ធី ជួបសំណេះសំណាល និងចែកកាតអ្នកសង្កេតការណ៍ជូន ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងតាខ្មៅជាង៣០០នាក់


(កណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភបាលខេត្តកណ្តាលកណ្តាល និងឯកឧត្តម គឹម រិទ្ធី កាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាល និងចែកកាតអ្នកសង្កេតការណ៍ជូនក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅជាង៣០០នាក់ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងពីវីរភាពគំរូដ៏ល្អរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយលើកទឹកចិត្តដល់យុវជនទាំងអស់អានសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ឲ្យបានចប់ និងស្បែងយល់ពីខ្លឹមសារឲ្យបានច្បាស់លាស់ ព្រោះអត្ថបទនេះពិតជាឆ្លុះបញ្ចាំងពីភាពជាគម្រូដ៏ល្អដល់យុវជន យុវតីទាំងអស់ទូទាំងប្រទេស។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងយ៉ាងច្រើនរបស់លោក ហ៊ុន ម៉ានី ដែលលោកតាំងពីក្មេងរហូតដល់ធំពេញវ័យ និងដែលបានឆ្លងកាត់ការសិក្សារៀនសូត្រយ៉ាងច្រើន និងពិសេសបានចូលរួមជួយដល់សង្គមដែលសក្ដិសម ជាគំរូល្អបំផុតដល់យុវជនយុវតី យកជាគំរូតាម ដើម្បីក្លាយទៅជាអ្នកស្រឡាញ់ការរីកចម្រើន វឌ្ឍនភាពជាតិ ការរួបរួមគ្នាកសាងប្រទេសជាតិឲ្យដើរទៅមុខជាដើម។

ដោយឡែកឯកឧត្តម គីម រិទ្ធី បានថ្លែងប្រាប់ទៅកាន់យុវជនអ្នកសង្កេតការណ៍ទាំងអស់ ត្រូវឈរលើភាពត្រឹមត្រូវ ភាពស្របច្បាប់ មានគោលជំហរច្បាស់លាស់ ក្នុងការសង្កេតការណ៍ប្រកបដោយតម្លាភាព មិនលម្អៀង ហើយជួយសម្រួល ដល់ការលំបាកណាមួយរបស់ពលរដ្ឋអ្នកមកបោះឆ្នោត និងសង្កេតការណ៍ក្រែងមានជនខិលខូចណាមកបំផុសបំផុលដល់បោះឆ្នោត។

តាមប្រភពព័ត៌មានមួយចំនួនពីមន្រ្តីសាលាខេត្តកណ្តាល បានឲ្យដឹងថា ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវបានផ្ទេរទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕