ឯកឧត្តម វង្សី វិស្សុត ជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្ស ស្រុកមុខកំពូល ខេត្តកណ្ដាល


(កណ្ដាល)៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងសហការី បានជួបសំណេះសំណាលជាមួយក្រុមការងារយុវជនយុវនារីគណបក្សប្រជាជនកម្ពុជាស្រុក-ឃុំ-ភូមិ ទូទាំងស្រុកមុខកំពូល ប្រមាណជាង៥០០នាក់ ដើម្បីឈានទៅដណ្តើមជ័យជំនះ ឲ្យខាងតែបានជូនគណបក្សនិងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក៏ដូចការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន។

ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំផ្សេងទៀត ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជាតែងបានយកចិត្តទុកដាក់ដល់យុវជនយុវនារី ដែលជាកម្លាំងស្នូលដ៏រឹងមាំ និងមិនអាចខ្វះបាន សម្រាប់ធានានូវភាពជោគជ័យរបស់គណបក្សរយៈពេលវែងទៅថ្ងៃមុខ។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើង អំពីចំណុចប្រៀបឈ្នះរបស់គណបក្សប្រជាជន ដែលជាគណបក្សមានប្រវត្តិយូរលុង បង្កើតឡើងដោយសារប្រជាជន និងដើម្បីប្រជាជន ព្រមទាំងមានសមាជិកសមាជិកា និងអ្នកគាំទ្រច្រើនលើសលុប ធៀបនឹងបក្សដទៃ។ ជាងនេះទៅទៀត បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែលេចមុខមាត់ ក្នុងឆាកអន្តរជាតិ ដែលនេះជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល។

ឯកឧត្តមបានបន្តថា ក្រៅពីសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចជូនប្រទេសជាតិ និងប្រជាជន, រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចបាននូវវឌ្ឍនភាព វិបុលភាព និងការរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យ ទាំងជាសេដ្ឋកិច្ច និងទាំងជាសង្គម ជាពិសេសនៅក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ មុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩។ ដោយឡែក នៅក្នុងកម្រិតស្រុកមុខកំពូលរបស់យើង ក៏បានរីកចម្រើនប្រែមុខមាត់ក្លាយជាតំបន់អភិវឌ្ឍមួយដ៏រស់រវើក ហើយបងប្អូនប្រជាពលរដ្ឋយើងកាន់តែមានជីវភាពធូរធារជាលំដាប់។

ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីជោគជ័យដ៏ធំធេងរបស់កម្ពុជានៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង ដែលធ្វើឲ្យកម្ពុជាអាចសម្រេចបាន នូវភាពសុំាក្នុងសហគមន៍ក្នុងកម្រិតមួយដ៏ខ្ពស់ ដែលធ្វើយើងអាចបើកប្រទេស ហើយស្តារ និងបន្តជំរុញការអភិវឌ្ឍប្រទេសលើគ្រប់ផ្នែក និងគ្រប់វិស័យឡើងវិញ។

ឯកឧត្តមបានបន្តលើកឡើងអំពីប្រសិទ្ធភាពនៃវិធានអន្តរាគមន៍ទាន់ពេល ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជំនួយ សង្គមដល់ក្រុមជនងាយរងគ្រោះ និងក្រីក្រ ប្រមាណជាង ៣ លាននាក់នៅទូទាំងប្រទេស។ ដោយសារជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់ គួបផ្សំនឹងផលប៉ះពាល់បណ្តាលមកពី សង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច ពិភពលោកដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារការថមថយនៃកំណើន និងការកើនឡើងនៃអត្រាអតិផរណា និងបញ្ហាសង្គមមួយចំនួន, រាជរដ្ឋាភិបាលនឹងបន្តកម្មវិធី ជំនួយសង្គមជាទៅបន្តទៀត ដោយអាចពិនិត្យលទ្ធភាពពង្រីកវិសាលភាពគ្របដណ្តប់ចំពោះអ្នកដែលក្បែរក្រ ឬកៀកនឹងបន្ទាត់ភាពក្រីក្រថែមទៀត។

ឯកឧត្តម វង្សី វិស្សុត បានស្នើដល់យុវជនយុវនារីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារប្រទេសកម្ពុជា កុំធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម សារជាថ្មីម្តងទៀត ដូចបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ាជាដើម។ គុណតម្លៃសន្តិភាព គឺខ្ពង់ខ្ពស់ណាស់ ហើយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពដល់យើងទាំងអស់គ្នា ដោយលំបាកលំបិនណាស់ ដូច្នេះយុវជនយុវនារីគណបក្ស ដែលកម្លាំងបន្តវេន ត្រូវមានកាតព្វកិច្ចថែរក្សាការពារសន្តិភាព ក៏ដូចជាសមិទ្ធផលនានាដែលគណបក្សសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះ យុវជនគណបក្សក៏ត្រូវមានភារកិច្ចចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបម្រើប្រជាជន តាមរយៈគ្រប់សកម្មភាពសង្គមផ្សេងៗ។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់យុវជនយកចិត្តទុកដាក់ក្នុងការវិនិយោគដើម្បីខ្លួនឯង តាមរយៈការចេះស្វែងរកឱកាស និងចេះចាប់ឱកាស ដើម្បីអភិវឌ្ឍសមត្ថភាព ជំនាញ ចំណេះដឹង ចំណេះធ្វើ រៀងៗខ្លួន ដើម្បីខ្លួនឯងផង និងដើម្បីប្រទេសជាតិផង។ ហើយទៅថ្ងៃអនាគត ឯកឧត្តមចង់ឃើញអ្នកមុខកំពូល អាចក្លាយជាអ្នកដឹកនាំសំខាន់ៗ និងមានជោគជ័យ ទាំងនៅក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន៕