ឯកឧត្តមវេជ្ជ. សុះ មុះសិន និងលោកជំទាវ បានអញ្ជើញជាអធិបតីផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចិញ្ចឹមតាមមូលដ្ឋានចំនួន២០០នាក់ មកពីរាជធានី ខេត្ត


នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភជូនប្អូនៗកុមារកំព្រា ចិញ្ចឹមតាមផ្ទះក្នុងឆមាសទី១ លើកទី៥ ឆ្នាំ២០២២ សរុបចំនួន ២០០នាក់ ដែលត្រូវបានជ្រើសរើសពី ១៣ រាជធានី-ខេត្ត ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៩២អឺរ៉ូ សរុបជាទឹកប្រាក់ចំនួន ៤០.៧៩០អឺរ៉ូ ស្មើនិងថវិកា ៤៥.៦៤១.៤៩ ដុល្លារ សហរដ្ឋអាមេរិក ។ដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងក្រុមការងារ ស.ន.ម.ក រាជធានីភ្នំពេញ ។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឲ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៍បានផ្ដាំផ្ញើរដល់អាណាព្យាបាលត្រូវខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនចៅ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្ដាក់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ដោយត្រូវគោរពតាមវិធានការសុខាភិបាលដោយ រស់នៅរក្សាគម្លាត លាងដៃអោយបានញឹកញាប់ និងសាប៊ូ អាល់កុល ពាក់មាស់នៅគ្រប់ទីកន្លែង ។