(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកជំទាវ Dalila Yasmin AMRI SUED ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំកម្ពុជា។
សម្តេចមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ Dalila Yasmin AMRI SUED នឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងឱកាសនោះ លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវ បានចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវ ក៏បានប្តេជ្ញាថា តាមរយៈបេកសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា នឹងខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕