ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ បន្ទាប់ពីមកដល់កម្ពុជា ពានរង្វាន់ World Cup ផលិតពីមាសសុទ្ធ ៦.១គីឡូក្រាម តម្លៃ២០០លានដុល្លារ នឹងត្រូវដង្ហែឆ្លងកាត់៣០ប្រទេសផ្សេងទៀត


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA តែងតែដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក «FIFA World Cup – Trophy Tour» ឆ្លងកាត់ទៅប្រទេសមួយចំនួនលើពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា នៅឆ្នាំ២០២២នេះ ក្បួនដង្ហែពានរង្វាន់ ត្រូវបានចាប់ផ្តើមចេញដំណើរពីប្រទេសអារ៉ាប់រួម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ហើយបានដង្ហែឆ្លងកាត់ ២០ប្រទេសរួចហើយ រួមមាន ប្រទេស UAE,OMAN, Bahrain, Kuwait, Bosnia & Herzegovina, Montenegro, Kosovo, North Macedonia, Albania, Ethiopia, Kenya, South Africa, Tanzania, Lebanon, Uzbekistan, Pakistan, Bangladesh, Timor Leste, Samoa, និង America Samoa, ទើបមកដល់កម្ពុជានាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកបន្ថែមថា បន្ទាប់ពីកម្ពុជាពានរង្វាន់បាល់ទាត់ពិភពលោកនេះ នឹងត្រូវបន្តឆ្លងកាត់ ៣០ប្រទេស ផ្សេងទៀតមុនពេលប្រកួតកីឡាបាល់ ទាត់ពិភពលោកមកដល់គឺ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

ការថ្លែងរបស់ឯកឧត្តម ថោង ខុន ធ្វើឡើងក្នុងឱកាសទទួលស្វាគមន៍ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា «ពានរង្វាន់បាល់ទាត់ពិភពលោក គឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣.២ ពាន់លាននាក់ លើពិភពលោកដែលបានគាំទ្រ កីឡាបាល់ទាត់។ ពានរង្វាន់នេះ មានតម្លៃជាសកលដែលត្រូវយកចិត្តទុកដាក់ និងតម្កល់គុណតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិ ដែលនៅពេលនេះសហព័ន្ធបាល់ទាត់ពិភពលោក FIFA មានកិត្តិយសដ៏ឧត្តុង្គឧត្តមដោយបាន សម្ដេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតទទួលស្វាគមន៍ និងលើកពានដោយផ្ទាល់ ដើម្បីបង្ហាញពីការគាំទ្រ និងការចូលរួមអបអរសាទររបស់ម្ពុជា ដល់ការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកាខាងមុខនេះ»

ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជានាពេលនេះ ដឹកនាំដោយលោកបេសកជនពិសេស FIFA គឺលោក Christian Karember ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ១៩៩៨ ក្នុងក្រុមជម្រើសជាតិបាល់ទាត់បារាំង។ ពានរង្វាន់ត្រូវបានដឹកជញ្ជូនតាមរយៈយន្តហោះឯកជនពិសេស «Private Jet» ដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ រួចបានដង្ហែត្រង់មកវិមានសន្តិភាព ហើយពេលរសៀលពានរង្វាន់ ត្រូវបានរៀបចំទទួលស្វាគមន៍មហាជន និងថតរូបនៅ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ហើយនឹងត្រូវចាកចេញពីកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ពានរង្វាន់បាល់ទាត់ពិភពលោកផលិត ឡើងដោយមាសសុទ្ធ សម្រាប់ផ្តល់ជារង្វាន់ និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់ ប្រទេសដែលដណ្ដើមបានជ័យជំនះ ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោករៀងរាល់៤ឆ្នាំម្តង។ សហព័ន្ធបាល់ទាត់ពិភពលោក “FIFA” បង្កើតពានរង្វាន់បាល់ទាត់ពិភពលោក ជាពីរដំណាក់កាលគឺ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧៤ ត្រូវបានប្រសិទ្ធិនាមថា «ពានរង្វាន់លោក Jules Rimet» ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោកដំបូង និងចាប់ពីឆ្នាំ១៩៧៤ រហូតដល់បច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា «ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup-Trophy» វិញ។

តាមកំណត់ត្រារបស់ FIFA បានបញ្ជាក់ថា ប្រទេសដែលដណ្តើមបានពានរង្វា ន់បាល់ទាត់ពិភពលោកដំបូងគេ គឺអ៊ុយរ៉ាហ្គាយ (Uruguay) និងប្រទេសដែលដណ្តើមបានពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេ គឺ ប្រេស៊ីល (Brazil) ជើងឯកពិភពលោកចំនួន ៥ដង។
ពានរង្វាន់បាល់ទាត់ពិភពលោកដំបូង ត្រូវបានផលិតឡើងជាមួយសារធាតុថ្មមានតម្លៃម្យ៉ាង នៅប្រទេសក្រិច។ ចាប់ពី ឆ្នាំ១៩៧៤ រហូតដល់បច្ចុប្បន្ន ពានរង្វាន់ត្រូវបានផលិតឡើងពីមាសសុទ្ធទម្ងន់៦.១គីឡូក្រាម ប៉ុន្តែតម្លៃជាទឹកប្រាក់កំណត់ ដោយក្រុមហ៊ុនធានារ៉ាប់រងគឺ ២០០លានដុល្លារអាមេរិក។

ខ្ញុំពិតជាមានមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូងជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនីនាឱកាសនះ ។
ពានរង្វាន់មាសសុទ្ធទម្ងន់ ៦,១ គីឡូក្រាម ពិតជាមានអត្ថន័យសម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន ដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមាន ឱកាសកាន់ប៉ះដោយផ្ទាល់នូវពានរង្វាន់ដ៏មានតម្លៃ និងសារៈសំខាន់នេះ ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល បានបង្ហាញនូវមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើក ពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។

សម្តេចតេជោបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោកនេះ ក៏ជានិមិត្តរូបតំណាងឱ្យមនុស្សជាតិលើពិភពលោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះតំណាងឱ្យប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេង ដោយយុត្តិធម៌ដែលគេតែងតែ ហែ្វរ ទង់ (Fair Play) ចូលទីលានបាល់ទាត់មុនរៀងរាល់ការប្រកួតចាប់ផ្ដើម។

សម្តេចបានលើកឡើងផងដែរថា បច្ចុប្បន្នបាល់ទាត់ គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុសស្រីប្រមាណ ២៦៥ លាននាក់ ជាអ្នកលេងកីឡានេះ និងមានប្រមាណ ៣,៥ ពាន់លាននាក់ ជាអ្នកគាំទ្រ។

សម្រាប់កម្ពុជាមានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់ តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២ ០០០ នាក់ និងមានប្រមាណជាង ៣ ០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មានប្រមាណជាង១០ម៉ឺននាក់៕