សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សូមក្រាបបង្គំទូលថ្វាយ នូវសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្មាយុ ៨៦ យាងចូល ៨៧ ព្រះវស្សា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ក្នុងសារថ្វាយព្រះពរ យ៉ាងដូច្នេះថា «តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយសម្ដែងនូវអំណរសាទរ និងសូមគោរពថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សូមព្រះអង្គ ទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេស»។
ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវការគោរពស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជកិច្ចបម្រើជាតិ សាសនា និងប្រជារាស្ត ដែលជានិច្ចកាលព្រះអង្គតែងតែមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លា បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងព្រះរាជសកម្មភាព សង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងបានយកព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះស្ថានភាពជីវភាព សុខទុក្ខ ព្រមទាំងសេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំ សព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕