ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណកងទ័ព និងគ្រួសារ ចំពោះការចេញទៅបោះឆ្នោត


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់កងទ័ព និងគ្រួសារកងទ័ព ដែលបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។

ការថ្លែងអំណរគុណរបស់មេទ័ពជើងគោក បានធ្វើឡើងនៅចំពោះមុខកងទ័ពក្នុងពេលឯកឧត្តម អញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេស ដល់កងទ័ពកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តមបានលើកឡើងថា ការចេញទៅបោះឆ្នោតនេះ ជាការបង្ហាញប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាពិភពលោកទាំងមូល ឱ្យបានឃើញច្បាស់អំពីការអនុវត្តសិទ្ធិសេរីភាពនយោបាយយ៉ាងពេញលេញក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស និងដំណើរការប្រជាធិបតេយ្យប្រកបដោយភាពចាស់ទុំនៅកម្ពុជា៕