ឯកឧត្តម សាយ សំអាល់ កោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់ក្រុមការងារ​សមាជិកគណបក្ស ដែលនាំមក​នូវលទ្ធផល​យ៉ាងត្រចះត្រចង់ក្នុងការ​បោះឆ្នោតថ្មីៗនេះ​


(ព្រះសីហនុ)៖ ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំបូកសរុប​លទ្ធផល នៃការងារបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នងនាមសម្តេចតេជោប្រធានគណបក្ស និងសម្តេច លោកជំទាវ អនុប្រធានគណបក្ស, ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាក្រុមការងារ សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ទូទាំងខេត្តព្រះសីហនុ ដែលបាននាំមកនូវលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
ឯកឧត្តមបានលើកឡើងទៀតថា លទ្ធផលដ៏ត្រចះត្រចង់ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយ និងចាត់ទុកថា លទ្ធផលនេះ​គឺបាន​ឆ្លើយតប​ទៅនឹង​បេសកកម្ម​ដ៏ឧត្តុង្គឧត្តម​ដែល​គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដាក់មកឱ្យយើង ក្នុងការ​បម្រើ​នូវឧត្តម​ប្រយោជន៍ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា «កម្ពុជា​ជាប្រទេស​ដែលពិសេស និង​ដោយឡែក គឺមិនមាន​ប្រទេសណា​ដូចកម្ពុជា​នោះទេ ដែល​បាន​ធ្លាក់ខ្លួន​ដល់ចំណុច​សូន្យ ហើយ​ស្តារខ្លួន​ឯង​ត្រឡប់មក​វិញ ជា​មួយ​នឹងការ​អភិវឌ្ឍ រីកចម្រើន​យ៉ាងឆាប់រហ័ស។ អ្វីទាំងអស់នេះ គឺ យុទ្ធជន​របស់យើង កម្មាភិបាល​របស់យើង ដែល​បាន​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​នាំសន្តិភាព​ឱ្យកម្ពុជា ហើយ​យើង​បាន​ឆ្លើយតប​ទៅវិញ ដោយ​បន្តកាច់ចង្កូត​ដឹកនាំ​នាវា​កម្ពុជា ឱ្យរីកចម្រើន​រុងរឿង​ទៅមុខ ដូច​អរិយប្រទេស​ដទៃ​ផងដែរ»។
ឯកឧត្តមប្រធាន​ក្រុមការងារ បាន​ឱ្យដឹងទៀតថា ការបោះឆ្នោត​គាំទ្រពីសំណាក់សមាជិក សមាជិកគណបក្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​យ៉ាងច្រើន​លើសលុប​ជូន​គណបក្ស​ប្រជាជន ក្នុង​ចំណោម​១៧គណបក្សនយោបាយ ដែល​បាន​ចូល​រួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ គឺ​បង្ហាញ​អំពីការ​ជឿទុក​ចិត្ត​លើការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធាន​គណបក្ស​ប្រជាជន ដើម្បី​បន្តដឹកនាំ​ប្រទេស​ឱ្យកាន់តែ​រីកចម្រើន​រុងរឿងបន្ថែម​ទៀត ហើយបង្ហាញថា ប្រជាពលរដ្ឋ​បានចូលរួម​អនុវត្តន៍​សិទ្ធិរបស់ខ្លួន នោះ​គឺសិទ្ធិជ្រើសរើស​មេដឹកនាំដែលខ្លួន​ពេញចិត្ត។
ជាចុងក្រោយ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតណាស់ ជោគជ័យនៃការបោះឆ្នោត​ឆ្នាំ២០២២នេះ គឺជាមូលដ្ឋាន​ដ៏រឹងមាំ​សម្រាប់គណបក្សយើង បន្តឈានទៅដណ្តើម​ភាពឈ្នះ ក្នុងការបោះឆ្នោត​នាពេលខាងមុខ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ទោះជាយ៉ាងណា ក៏នៅមានបញ្ហាជាច្រើនដែលត្រូវបន្តដោះស្រាយ និងកែលម្អបន្ថែមទៀត ដូច្នេះ​ក្រុមការងារ​គណបក្ស​គ្រប់ថ្នាក់ ត្រូវ​បន្តខិតខំប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ ឱ្យបានកាន់តែល្អប្រសើរ សំដៅថែ រក្សាការគាំទ្រ និងការជឿទុកចិត្ត​របស់ប្រជាពលរដ្ឋ មក​លើ​គណបក្ស​ប្រជាជនកម្ពុជា នៅក្នុង​បុព្វហេតុដើម្បី បន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ឆ្ពោះទៅកាន់ដំណាក់កាលថ្មី តាមផែនការកំណត់៕