ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អះអាងថា ភាពរឹងមាំ និងភាពខ្លាំង​របស់គណបក្ស​ប្រជាជនកម្ពុជា គ្មាន​អ្នកណា​ជំនួសបានឡើយ


(ព្រៃវែង)៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានអះអាងថា ភាពរឹងមាំ និងភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើម មកទល់ម៉ោងនេះ និងទៅថ្ងៃអនាគត គ្មានគណបក្សណាអាចមកជំនួសបានឡើយ។
ក្នុងឱកាសជួបជុំជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ តំណាងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺតំណាងឲ្យសន្ដិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនយ៉ងពិតប្រាកដ។
សម្រាប់មូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា ការបោះឆ្នោតបានសម្រេចនូវជោគជ័យធំៗ ចំនួន៣ចំណុចរួមមាន៖
*ទី១៖ ឃុំទាំអស់នៅស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ មេឃុំបានមកលើគណបក្សប្រជាជនកម្ពុជាទាំងអស់
*ទី២៖ បានតម្លើងអាសនៈនៅស្រុកស្វាយអន្ទរ ចំនួន១៩បន្ថែម និងនៅស្រុកកញ្ជ្រៀច តម្លើងបានចំនួន១៤បន្ថែមទៀត
*ទី៣៖ ដំណើរការបោះឆ្នោតអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានល្អជាទីបំផុត ក្នុងចំណោមប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក។
ឯកឧត្តមសន្តិបណ្ឌិត បានបន្ដទៀតថា ជោគជ័យ៣ធំៗនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញនូវបញ្ហាចំនួន៣ មានដូចជា៖
*ទី១៖ ភាពរឹងមាំ និងភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើម មកទល់ម៉ោងនេះ និងទៅអនាគតគ្មានអ្នកណាអាចជំនួសបានទេ។ ភាពរឹងមាំ និងភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺធានាស្ថេរភាព សុវត្ថិភាព សន្ដិសុខសង្គម និងធានាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជីវភាពប្រជាពលរដ្ឋ
*ទី២៖ គោលនយោបាយយ៉ាងត្រឹមត្រូវបំផុត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន
*ទី៣៖ សាមគ្គីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលសាមគ្គីភាពមិនមែនតែនៅក្នុងបក្ស ពោលសាមគ្គីភាពដល់សង្គមជាតិទាំងមូល។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែដឹកនាំប្រកបដោយគតិបណ្ឌិត ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ឈានឡើង និងដំណើរការអនុវត្តទិសដៅរបស់រាជរដ្ឋាភិបាលបានជោគជ័យ ដែលធ្វើឲ្យប្រជាជនមានក្ដីសង្ឃឹម និងជីវភាពមានការកើនឡើងជាលំដាប់។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ដែលដឹកនាំត្រួតពិនិត្យបានម្មត់ចត់ដល់សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ក៏ដូចជាខេត្តព្រៃវែងទាំងមូល ហើយសមាជិកទាំងអស់បានអនុវត្តតាមទិសដៅបានជោគជ័យ។
ឯកឧត្តមសន្តិបណ្ឌិត ក៏មិនភ្លេចថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់ជាតិ ដែលជួយស្រុកទាំងពីរ ប្រធានក្រុមការងារឃុំទាំងអស់ និងកោតសរសើរចំពោះអ្វីដែលសម្រេចបាន ព្រមទាំងជំរុញឲ្យខិតខំប្រឹងប្រែងបន្ដទៀត។ ឯកឧត្តមក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ដែលបន្ដគាំទ្រទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានរៀបចំពិធីពិសាអាហារសាមគ្គី ដល់សមាជិក សមាជិកាទាំងពីរស្រុក នៅគេហដ្ឋាន ស្ថិតនៅក្រុងព្រៃវែងផងដែរ៕