(ភ្នំពេញ)៖ លោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់បេសកកម្មការងារនៅឆ្នាំ២០២២នេះ បានបង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រជាជន និងដឹកដីកម្ពុជា។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ធ្វើឱ្យលោកស្រីមិនដាច់អាល័យពីកម្ពុជា និងចាត់ទុកការចាកចេញពីកម្ពុជា ប្រៀបដូចជាការពីផ្ទះដែលខ្លួនកំពុងរស់នៅយ៉ាងដូច្នេះដែរ។
បន្ទាប់ពីបានចូលមកបំពេញការងារនៅកម្ពុជាកាលពីឆ្នាំ២០១៨ លោកជំទាវ អាយដា អ៊ុនលូ នឹងត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជាក្នុងឆ្នាំ២០២២នេះហើយ។ មុននឹងចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកស្រីឯកអគ្គរដ្ឋទូតទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជម្រាបលា និងបង្ហាញនូវសមិទ្ធផលការងារមួយចំនួនដែលបានបំពេញជាង៤ឆ្នាំមកនេះ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ បានជម្រាបសម្តេចតេជោ ហ៊ុន សែន នូវកិច្ចប្រឹងប្រែងរបស់លោកស្រីក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី។
លោកជំទាវ បានគូសបញ្ជាក់ថា រយៈពេលជាង ៤ឆ្នាំនៃការបំពេញបេសកកម្មនៅកម្ពុជា បើទោះបីជំងឺកូវីដ១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំមកក្តី តែលោកស្រី នៅតែបន្តខិតខំធ្វើការងារមួយចំនួន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទាំងផ្នែកពាណិជ្ជកម្ម និងនយោបាយ រវាងប្រទេសទាំងពីរ។
ដើម្បីពង្រឹងទំនាល់ទំនងនេះ លោកស្រី បានរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសតួកគីនាចុងឆ្នាំ២០១៨ និងរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសតួកគីជាបន្តបន្ទាប់ទៀត។
សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងកោតសរសើរដោយស្មោះចំពោះស្នាដៃធំធេងរបស់លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងនាំមកនូវផ្លែផ្កាល្អ ចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងតួកគី។
សម្តេចតេជោ បានបន្ថែមថា តាមរយៈបេសកកម្មការទូតរបស់លោកស្រី បានពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា និងតួកគី ព្រមទាំងបានរៀបចំមូលដ្ឋានជាច្រើនក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ លោកជំទាវ អាយដា អ៊ុនលូ បានជម្រាបសម្តេចតេជោផងដែរថា លោកស្រីមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបម្រើទាំងតួកគី និងកម្ពុជា។ លោកជំទាវ បានសង្កត់ថា ការបំពេញការងារនៅកម្ពុជា ធ្វើឱ្យលោកស្រីមានអនុស្សាវរីយ៍ជ្រាលជ្រៅជាច្រើន ហើយការចាកចេញពីកម្ពុជានាពេលនេះ ធ្វើឱ្យលោកស្រីមានអារម្មណ៍ដូចជាការចាកចេញពីផ្ទះកំពុងរស់នៅ។
បើទោះបីជាត្រូវបញ្ចប់បេសកកម្មនៅកម្ពុជាយ៉ាងណាក្តី តែលោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញនូវសមានចិត្តជ្រាលជ្រៅក្នុងការជួយកម្ពុជា។ ជាពិសេសធ្វើឱ្យទំនាក់ទំនងកម្ពុជា និងតួកគី កាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកស្រីនៅទីណានោះទេ។
ជាកិច្ចតបស្នងចំពោះគុណបំណាច់ និងកិច្ចប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូតក្នុងពេលបំពេញបេសកកម្មនៅកម្ពុជានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់ជូនលោកស្រីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរិយយសនេះជូនលោកស្រីដោយផ្ទាល់នៅព្រឹកមិញនេះ។ លោកស្រី គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ សម្រាប់ការផ្តល់នូវគ្រឿងឥស្សរិយយស ពោរពេញដោយកិត្តិយសនេះ៕