ឯកឧត្តមវេជ្ជ.សុះ មុះសិន បានអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ប្រាក់ឧបត្ថម្ភដល់ក្មេងកំព្រាតាមមូលដ្ឋានចំនួន១៩០នាក់ មកពី១៨រាជធានី ខេត្ត


រសៀល ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កុមារកំព្រាតាមមូលដ្ឋាន សម្រាប់ឆ្នាំ២០២១ សរុបចំនួន ១៩០នាក់ មកពីខេត្តចំនួន១៨រាជធានី ខេត្ត គឺ រាជធានីភ្នំពេញ ចំនួន១៨នាក់ កណ្តាល ចំនួន០៤នាក់ កំពង់ចាម៣៦នាក់ ត្បូងឃ្មុំចំនួន៣២នាក់ ក្រចេះចំនួន៣៣នាក់ ស្ទឹងត្រែង០១នាក់ មណ្ឌលគីរីចំនួន០៥នាក់ រតនៈគីរី ចំនួន០៣នាក់ កំពង់ធំចំនួន០៦នាក់ កំពង់ឆ្នាំងចំនួន១០នាក់ ពោធិសាត់ចំនួន០៦នាក់ បាត់ដំបងចំនួន០៩នាក់ ប៉ៃលិនចំនួន ០១នាក់ កោះកុងចំនួន០៣នាក់ ព្រះសីហនុចំនួន៩នាក់ កំពតចំនួន០១នាក់ ខេត្តព្រៃវែងចំនួន០១នាក់ និងខេត្តព្រះវិហារចំនួន ០១នាក់ ក្រោមគម្រោងឧបត្ថម្ភរបស់សមាគមសប្បុរសធម៌ឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សារខណ្ឌ អភិបាលរងខណ្ឌច្បារអំពៅ ក្រុមការងារសនមកក រាជធានីភ្នំពេញ ក្រុមការងារសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ជាច្រើននាក់ផងដែរ ។

ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះថា អង្គការ សមាគមសគមសប្បុរសធម៌ឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាម តាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ។

ប្រាក់ឧបត្ថម្ភនេះសម្រាប់រយៈពេល ១ឆ្នាំ ដែលផ្តល់ជូនកុមារកំព្រា ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣៣៦ដុល្លារ សរុបចំនួន១៩០នាក់ គិតជាថវិកាសរុបចំនួន ៦៣ ៨៤០ដុល្លារសហរដ្ឋអាមេរិក ។