ប្រមុខការទូតកម្ពុជា ស្នើជួបភាគីជម្លោះទាំងអស់របស់មីយ៉ាន់ម៉ា ក្នុងទស្សនកិច្ចលើកទី២


(ភ្នំពេញ)៖ ក្រៅពីស្នើជួបក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា ប្រមុខការទូតកម្ពុជា បានបង្ហើបពីបំណងស្នើជួបភាគីជម្លោះទាំងអស់ ក្នុងដំណើរទស្សនកិច្ចលើកទី២ នៅប្រទេសនេះ ដើម្បីកសាងទំនុកចិត្ត ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងរកដំណោះស្រាយ។

ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល ៥ថ្ងៃ។ ទស្សនកិច្ចនៅធ្វើឡើង ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

អញ្ជើញអមដំណើរប្រេសិតពិសេស រួមមានឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលចាកចេញពីមាតុភូមិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា ក្នុងភាពជាប្រធានអាស៊ាន កម្ពុជាកំពុងប្រឹងប្រឹងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដើម្បីអាចឈានទៅដល់ការពិភាក្សាជាថ្នាក់ជាតិមួយ ក្នុងគោលដៅបញ្ចប់ជម្លោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «(ក្នុងទស្សនកិច្ចនេះ) យើងបានស្នើសុំឲ្យមានជំនួបជាមួយភាគី SAC ដែលវាជារឿងធម្មតាដែលយើងទៅទីនោះ ជួបជាមួយមេដឹកនាំអំណាចដែលគ្រប់គ្រងប្រទេសជាតិនៅទីនោះ។ យើងក៏បានស្នើសុំជួបភាគី ដែលមិនមែនជាភាគី SAC នេះទេ។ អញ្ចឹងយើងស្នើសុំជួបជាមួយតួអង្គផ្សេងៗ គណបក្សនយោបាយផ្សេងៗ ហើយក៏យើងនឹងជួបជាមួយក្រុមជនជាតិប្រដាប់អាវុធមួយចំនួនដែរ ក៏ដូចជាតំណាងគណបក្សនយោបាយផ្សេងៗទៀតដែរ។ នេះជាតួនាទីយើង ដែលស្នើសុំជួយគ្រប់ភាគីជម្លោះ ដើម្បីអាចផ្ញើជាសារសមាជិកអាស៊ានគ្នាយើង សាររបស់សមាជិកសហគមន៍អន្តរជាតិផង កង្វល់របស់ពួកគាត់ផង ហើយអាចស្តាប់ការពន្យល់របស់គាត់ និងធ្វើជាស្ពានសម្រាប់ទំនាក់ទំនងភាគីពាក់ព័ន្ធទាំងអស់»

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្អែកតាមបទពិសោធន៍របស់កម្ពុជា ដែលមានរបៀបធ្វើការដោះស្រាយជម្លោះ គឺមីយ៉ាន់ម៉ា អាចដកស្រង់យកបទពិសោធន៍ និងមេរៀនដែលកម្ពុជាបានឆ្លងកាត់។ លោកថ្លែងទៀតថា «យើងមិនចាប់បង្ខំឲ្យគាត់ យកពុម្ភតាមយើងទេ ប៉ុន្តែអ្វីដែលគាត់មើលឃើញថា មានផលប្រយោជន៍សម្រាប់ដំណើរការវិវត្តន៍ឆ្ពោះទៅរកសន្តិភាព ឆ្ពោះទៅរកការបង្រួបបង្រួមជាតិ ដែលមានស្ថិរភាពយូរអង្វែងនោះ គាត់អាចយកតាមចំណុចទាំងអស់នោះ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដំណើរទស្សនកិច្ចលើកទី២នេះ ក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រសិតពិសេសរបស់លោក និងក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា។ កម្ពុជាសង្ឃឹមថា នឹងអាចឈានមួយជំហានទៀត នៅក្នុងបញ្ហាដោះស្រាយជំនួយមនុស្សធម៌ ហើយក៏អាចឈានមួយជំហានទៀត នៅក្នុងការកសាងជំនឿទុកចិត្តនេះ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរ ការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។

មុនដំណើរទស្សនកិច្ចលើកទី២ នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ានូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរ លោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។

សូមជម្រាបថា ឯលឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់បានទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការសម្របសម្រួលមួយចំនួន៕