(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានសូមអង្វរករដល់នារីខ្មែរ ដែលនិយមលេងនូវបណ្ដាញសង្គម Tik Tok ឲ្យរក្សាគោរពប្រពៃណី និងរក្សាភាពថ្លៃថ្នូររបស់ខ្មែរ។
ការចេញមកអង្វរករបែបនេះ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា មានស្ដ្រីខ្មែរមួយចំនួន ដែលលេងនូវបណ្ដាញសង្គម Tik Tok បានប្រើពាក្យពេជន៍ចំអេសចំអាស ដែលមិនសមនឹងតម្លៃជាស្ដ្រីខ្មែរ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡា ពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើទៅនាងៗ ក្មួយៗជានារី ដែលចូលលេងក្នុង Tik Tok ខ្លះក៏ឲ្យជាឧទាហរណ៍ល្អ ខ្លះក៏និយាយបែបកំប្លែង […] ខ្ញុំសង្កេតឃើញថា ក្មួយៗស្ដ្រីខ្មែរមួយចំនួន ដូចជា អាសអាភាសពេកទេដឹង ខ្លះចេញមកអារឿងចំអេសចំអាសតែម្ដង ចឹងខ្ញុំសូមអង្វរករ ឲ្យរក្សាគោរពប្រពៃណីរបស់ខ្លួន»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសូមអង្វរករ ចំពោះនាងៗ ក្មួយៗជានារី ដោយពេលខ្លះ និយាយត្រង់ៗតែម្ដង នូវពាក្យអាសអាភាស និងចំអេសចំអាស ដែលមិនគួរឲ្យមាន ក្នុងនាមខ្លួនជាស្ដ្រីខ្មែរ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនមានផែនការបិទ Tik Tok នោះទេ ដូច្នេះសូមលេងចុះ ក៏ប៉ុន្ដែវាមិនមែនជាមធ្យោបាយ ដើម្បីយកមកនិយាយ នូវពាក្យចំអេសចំអាសនោះទេ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបទៅអ្នកលេង Tik Tok ធ្វើវីដេអូបង្អាប់រឿងទឹកលិច ដោយបង្ហាញរថយន្ត និងម៉ូតូ លិចតាមផ្លូវថា ជាការវាយប្រហារខុសគោលដៅ។ សម្តេចតេជោ បានលើកឡើងថា ទិដ្ឋភាពរថយន្ត និងម៉ូតូ លិចទឹកនោះ ជាការបង្ហាញឲ្យឃើញនូវភាពរីកចម្រើននៅកម្ពុជា៕