អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការសាងសង់អាគារស្តង់ដារដ៏ធំរបស់សម្តេចតេជោ ក្នុងអនុនិងវិទ្យាល័យឈើតុំ


(ពោធិ៍សាត់)៖ សមិទ្ធផលស្តង់ដារដ៏ធំមួយ រួមមានអាគារសិក្សា ៣ជាន់ ចំនួន២ខ្នង ស្មើនឹង ៣៦បន្ទប់ ព្រមទាំងបន្ទប់ការងារ និងបន្ទប់ស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ ទីលានកីឡាដ្ឋាន របង ក្លោងទ្វារ ផ្លូវចាក់ប៉េតុង រួមទាំងគ្រឿងបរិក្ខាមួយចំនួនធំ ក្នុងអនុនិងវិទ្យាល័យឈើតុំ ដែលចំណាយថវិកាជាង ៥០ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការស្នើសុំរបស់អភិបាលស្រុកក្រគរ នៅពេលនេះស្ថាបនាបាន៤៥%ហើយ បន្ទាប់ពីដំណើរការបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧កន្លងទៅ។

ក្នុងដំណើរចុះពិនិត្យសមិទ្ធផលដ៏ធំ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានការចូលរួមពី ឯឧត្តម ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ, ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត, លោក កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំឈើតុំ អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះថា ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំបង្កើតនូវសាលារៀន អាគារសិក្សាជាច្រើនកន្លែង នៅទូទាំងប្រទេស គឺមានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ដល់កូនចៅប្រជាពលរដ្ឋ ឲ្យមានកន្លែងសមរម្យសម្រាប់ការសិក្សា ព្រោះថាការបណ្តុះបណ្តាលធនធានមនុស្សឱ្យបានច្រើន ទើបដំណើរការអភិវឌ្ឍប្រទេសជាតិបានលឿនទៅមុខ។ ឯកឧត្តមបានលើកឡើងថា លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាពុម្ព និងជាថ្នាលបណ្តុះនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន តែបើលោកគ្រូអ្នកគ្រូបណ្តុះពុម្ព ទៅតាមការថ្នាំងថ្នាក់ និងខឹងគោទៅវាយរទេះ នោះប្រទេសជាតិនឹងវិលត្រឡប់ទៅរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃជាក់ជាមិនខាន។

លោកក៏បានរម្លឹកឡើងថា ប្រជាពលរដ្ឋទាំងអស់គ្នា មិនត្រូវបំភ្លេចបានទេ នូវការកសាងសមិទ្ធផលទាំងអស់នេះឡើង ក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ ជាក់ស្តែង នៅពេលសមិទ្ធផលដ៏ធំខាងលើនេះស្ថាបនារួចរាល់ ត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សយូរអង្វែង សម្រាប់ឲ្យកូនចៅយើងជំនាន់ក្រោយបានប្រើប្រាស់ និងត្រូវរួបរួមសាមគ្គីគ្នា ថែរក្សានូវសុខសន្តិភាព ឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។

គួរបញ្ជាក់ថា អនុនិងវិទ្យាល័យឈើតុំសព្វថ្ងៃ មានអាគារសិក្សា ៣ខ្នង ស្នើនឹង ១៥បន្ទប់ ក្នុងនោះដក ២បន្ទប់ សម្រាប់ទីចាត់ការប្រើប្រាស់ និងមានសិស្សានុសិស្សកើតឡើងរហូតដល់ ៧១៥នាក់ ហើយលោកគ្រូអ្នកគ្រូ បានធ្វើរោងដោលមួយខ្នងទៀត ដើម្បីឲ្យសិស្សរៀនបន្ថែម ជាមួយគ្នានោះសាលាក៏ខ្វះខាតដី សម្រាប់ធ្វើជាទីលានបាល់ទាត់ផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយស្តង់ដារសន្ធឹកសន្ធាប់ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ អនុនិងវិទ្យាល័យឈើតុំ តាមរយៈសារសម្លេងទូរស័ព្ទ របស់នាយឧត្តមសេនីយ៍ ខេង សាម៉េត ទីប្រឹក្សាសម្តេចតេជោ។ ដែលអំណោយទាំងនោះរួមមាន អាគារសិក្សា ៣ជាន់ ចំនួន ២ខ្នង ស្នើនឹង ៣៦បន្ទប់, ទីចាត់ការ ១ខ្នង ស្នើនឹង ៣បន្ទប់, បន្ទប់ស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ ២ជាន់ ស្នើនឹង ១២បន្ទប់, ទីលានកីឡាដ្ឋាន ៣កន្លែង(បាត់ទះ បាល់បោះ បាល់ទាត់), របង, ក្លោងទ្វារ, ផ្លូវចាក់ប៉េតុង រួមទាំងគ្រឿងបរិក្ខា អំពូលភ្លើងសូឡា កុំព្យូទ័រ ៥គ្រឿង ព្រីនធឺរ ២គ្រឿង និងម៉ាស៊ីនហ្វូតូកូពី ១គ្រឿង គិតជាទឹកប្រាក់ជាង ៥០ម៉ឺនដុល្លារ។ បន្ថែមពីនោះទៀត ក្រុមការងារចុះជួយស្រុកក្រគរ ដែលមានឯកឧត្តម កែវ រតនៈ ជាប្រធាន បានសម្រេចទិញដីពង្រីកបរវេណ និងសម្រាប់ធ្វើជាទីលានបាល់ទាត់ ទំហំជាង១,៤ហិកតា ដែលពិធីប្រគល់ប្លង់កម្មសិទ្ធិ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះផ្ទាល់។

ជាចុងបញ្ចប់ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋចូលរួមជាង ១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ចំពោះអ្នកគ្រូៗដែលមានផ្ទៃពោះ ចែកជូនសារុង២។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះដោះស្រាយវិវាទដីធ្លី ទៅតាមសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់បំផុត គ្មានអ្នកចាញ់ គឺឈ្មះទាំងអស់គ្នាផងដែរ៕