លោកជំទាវ ភឿង សកុណា ជំរុញក្រុមការងារចុះមូលដ្ឋាន ត្រូវដឹងពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ


(ស្វាយរៀង)៖ លោកជំទាវ ភឿង សកុណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរ និងក្រុមការងារទាំងអស់ត្រូវចុះឲ្យដល់មូលដ្ឋានដើម្បីដោះស្រាយទុកលំបាកនានា ទាំងបញ្ហាប្រឈម និងសេវាតម្រូវការចាំបាច់នានាដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ការលើកឡើងរបស់លោកជំទាវ ភឿង សកុណា ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅស្រុកស្វាយទាប នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរដែនដី ដែលបានខិតខំចុះមូលដ្ឋាន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានល្អប្រសើរ តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ចុះមូលដ្ឋានឲ្យបានញឹកញាប់បន្ថែមថែមទៀត។

លោកជំទាវក៏បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោក លោកស្រី ដែលជាប់ឆ្នោតជាមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្ដិទី៥ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ដ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ដើម្បីបន្តដឹកនាំមូលដ្ឋានស្រុកស្វាយទាប ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

លោកជំទាវ បន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង បែងចែក បក្ខពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។

លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយទាប បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយសុខសាន្ត និងគ្មានអំពើលួច ឆក់ ប្លន់បងតូចបងធំ និងហិង្សាជាដើម។

បន្ថែមពីនេះ លោកជំទាវ ភឿង សកុណា ក៏បានណែនាំដល់អាជ្ញាធរ ត្រូវជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានជាប់ជាប្រចាំ និងត្រូវខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍៕