អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជម្រះមន្ទឹលសង្ស័យ ជូនបងប្អូនប្រជាពលរដ្ឋ ៨ភូមិ ក្នុងឃុំបឹងកន្ទួត ពាក់ព័ន្ធលើដីទំនាស់ដែលនៅសេសសល់ ក្រោយបទបញ្ជា០១ ចំនួន២៥៦ហិកតា


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទិ២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានណែនាំដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន ឲ្យផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ ដាច់ខាតកុំឲ្យមានការថ្នាំងថ្នាក់ណាមួយកើតឡើង ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមបានផ្តល់លេខទូរស័ព្ទទាំង២ប្រព័ន្ធ របស់ឯកឧត្តម ដើម្បីរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ជុំវិញភាពមិនប្រក្រតី ឬមានការថ្នាំងថ្នាក់ណាមួយកើតឡើង។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងដូច្នះ នៅបរិវេណវត្តសុវណ្ណមូលី ហៅវត្តយាកាបក្រោម ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ក្នុងឱកាសចុះសម្របសម្រួល និងដោះស្រាយជម្រះមន្ទឹលសង្ស័យ ជូនបងប្អូនប្រជាពលរដ្ឋ ៨ភូមិ រួមមានភូមិត្រពាំងកន្ទួត ភូមិថ្មី ភូមិកណ្តុរស ភូមិពោធិ៍ខឿន ភូមិអូរអញ្ចាញ ភូមិពោធិ៍អង្ក្រង ភូមិបឹង និងភូមិចចក ក្នុងឃុំបឹងកន្ទួត ពាក់ព័ន្ធលើដីទំនាស់ដែលនៅសេសសល់ ក្រោយបទបញ្ជា០១ ចំនួន២៥៦ហិកតា។

នៅចំពោះមុខប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា នេះជាលើកទី៣ហើយ ដែលឯកឧត្តម បានមកកាន់ទីនេះ ហើយក៏សង្ឃឹមថាថ្ងៃនេះនឹងជម្រះមន្ទឹលសង្ស័យឲ្យបានជ្រះស្រឡះ ជាលក្ខណៈគ្រួសារ ជុំវិញដីទំនាស់ទាំង២៥៦ហិកតា ដែលនៅសេសសល់ពីដីអាស្រ័យផលចាស់ ត្រូវបានស្រង់បច្ចុប្បន្នភាពរួចរាល់ ចំនួន ៨១,០៤ហិកតា ស្នើនឹង៦៧ក្បាលដី លើ៦៨គ្រួសារ។

ផ្អែកតាមការលើកឡើងរបស់តំណាងភូមិនីមួយៗ សុំឲ្យមានការបែងចែកដីទំនាស់ដែលនៅសេសសល់នោះ ស្មើៗគ្នា និងប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឯកឧត្តម ម៉ៅ ធនិន ក៏បានឆ្លើយតប និងធ្វើការដោះស្រាយទៅតាមសំណូមពរវិញភ្លាម ព្រមទាំងបានចាត់ឲ្យជំនាញ ធ្វើការវាស់វែង និងចេញប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។ ដោយឡែកប្រជាពលរដ្ឋ ដែលកាប់ទន្ទ្រានដីថ្មី ត្រូវដកយកមកវិញ តែបើខ្វះខាតដីពិតប្រាកដ ត្រូវស្រង់បញ្ជីឈ្មោះឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូននៅពេលក្រោយ។ ឯកឧត្តមបានបន្ថែមទៀតថា ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមត្រួតពិនិត្យ និងរាយការណ៍ចំពោះអ្នកដែលចូលទៅកាប់រានថ្មី ដើម្បីថែរក្សាការពារដីដែលនៅសេសសល់ទាំង២៥៦ហិកតានោះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ស្មើៗគ្នា ទៅតាមភូមិនីមួយៗ។