ឯកឧត្តម ម៉ម ប៊ុននាង ពិភាក្សាការងារជាមួយតំណាងអង្គការ Global Life Sharing ផ្តោតលើការជួយដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត


(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Jin Ho តំណាងអង្គការ Global Life Sharing ប្រចាំនៅប្រទេសកម្ពុជា និងតំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលជួបពិភាក្សាការងារ ក្រោមការសម្របសម្រួលពីសំណាក់ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងជំនួបនេះ បានផ្តោតសំខាន់លើការពិភាក្សាពីគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងតែមានក្នុងតម្រូវការខ្លាំងផ្នែកស្តារកាយសម្បទានេះ។ គម្រោងផ្តល់ជំនួយនេះ រួមមានការសាងសង់អគារ សម្ភារបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។

បន្ទាប់ពីបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់លើគម្រោងផ្តល់ជំនួយមនុស្សធម៌របស់អង្គការ Global Life Sharing រួចមក លោក Kim Jin Ho តំណាងអង្គការ Global Life Sharing បានដឹកនាំក្រុមការងារចុះពិនិត្យលើការរៀបចំទទួលពិនិត្យ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងតម្រូវការសម្ភារៈវេជ្ជសាស្ត្រចាំបាច់នានា។

Global Life Sharing ជាអង្គការមនុស្សធម៌មួយ នៃប្រទេសកូរ៉េ ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក៕