(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្ម បានបង្កើតជាស្ថានភាពមិនច្បាស់លាស់ នៃពិភពលោក និងបង្កជាវិបត្តិសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន ហើយធ្ងន់ធ្ងរជាងគេគឺវិស័យទេសចរណ៍ ឧស្សាហកម្ម កសិកម្ម និងសេវាកម្មមួយចំនួន។
សម្តេចបានគូសបញ្ជាក់ថា «ឥឡូវនេះបញ្ហាថ្មីក៏បានមកដល់ ដែលអាចបំផ្លាញនូវវិស័យទេសចរណ៍នេះថែមទៀត នោះនៅត្រង់ថា នោះគឺចាប់ផ្តើមពីសង្គ្រាម និងទណ្ឌកម្ម បានបង្កើតជាស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្តាប់ធ្នាប់»។
សម្តេចបានបន្តថា បញ្ហាវាមិនមែនត្រឹមចេញពីសង្គ្រាមអ៊ុយក្រែននោះទេ ប៉ុន្តែក៏វាផ្តើមចេញពីទណ្ឌកម្ម ដែលបញ្ហាទណ្ឌកម្មនោះ ក៏បានបង្កើតឱ្យមានចលាចលទីផ្សារនៅទូទាំងពិភពលោក។ ការព្រមានជាបន្តបន្ទាប់ពី IMF មិនមែនគ្មានហេតុផលនោះទេ កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ អតិផរណានៅតាមបណ្តាប្រទេសគឺមានការកើនឡើង បញ្ហានេះវាក៏ទាក់ទងជាមួយជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តាប្រទេស សំបុត្រយន្តហោះអាចនឹងឡើងថ្លៃមួយជាពីរ ហើយនោះហើយជាផលប៉ះពាល់ដែលអាចនឹងបង្កការរំខានដល់វិស័យទេសចរណ៍។
សម្តេចបានបញ្ជាក់បន្ថែមថា «ប្រសិនបើប្រេងនៅតែបន្តឡើងថ្លៃបែបនេះ វិបត្តិសេដ្ឋកិច្ចសកលវាអាចកើតមាន ហើយវិស័យទេសចរណ៍អាចនឹងលំបាក»។ សម្តេចបានជំរុញឱ្យតាមដាន និងវាយតម្លៃសភាពការណ៍ជាប់ជាប្រចាំ៕