អតិផរណានៅកម្ពុជា កើនខ្ពស់បំផុតដល់៧.២% មិនធ្លាប់មានជាង១ទសវត្សរ៍ចុងក្រោយ ដោយសារឥទ្ធិពលថ្លៃប្រេង និងម្ហូបអាហារពិភពលោក


(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អតិផរណានៅកម្ពុជា បានកើនខ្ពស់បំផុតរហូតដល់៧.២% នៅខែឧសភា ឆ្នាំ២០២២ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា
«ឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧.២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ»

ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានា លើប្រទេសរុស្ស៊ី បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ ដោយសាររុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែជាប្រទេសឈានមុខគេ ក្នុងការនាំចេញវត្ថុធាតុដើមដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម ជាដើម។

ជាក់ស្តែងនៅខែមិថុនា ឆ្នាំ២០២២នេះ អត្រាអតិផរណាសហរដ្ឋអាមេរិក បានកើនឡើងដល់៩.១% ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល៤០ឆ្នាំ ចុងក្រោយនេះ ស្របពេលដែលអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ បានកើនដល់៨.៦% ដែលជាអត្រាខ្ពស់បំផុត ចាប់តាំងពីការបង្កើតប្រាក់អឺរ៉ូមក។

ឯកឧត្តមបានបន្ដទៀតថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀលក៏ដូចជា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

សូមបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពល ដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។

កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះនោះនឹងនាំឱ្យតម្លៃទំនិញ និងសេវានានាកើនឡើងភ្លាមផងដែរ។ ប្រសិទ្ធភាពនៃការអនុវត្ត នយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ត្រូវបានគាំទ្រជាចម្បងដោយ៖
១៖ កម្រិតខ្ពស់គ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើ សមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់។ នេះជាមោទនភាពមួយ ដែលទុនបម្រុងអន្តរជាតិកម្ពុជា ត្រូវបានរក្សាយ៉ាងរឹងមាំ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈម នឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន។

២៖ ការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (exchange rate guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ត្រង់ចំណុចនេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា មានតួនាទីរក្សាតម្លៃប្រាក់រៀល ហើយនឹងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជន។

៣៖ ការគ្រប់គ្រងសន្ទនីយភាព ក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើស ក្នុងប្រព័ន្ធធនាគារដោយមូលបត្រ អាចជួញដូរបាន (NCD) ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច នយោបាយរូបិយវត្ថុវិត្ថារកម្ម ត្រូវបានបន្តអនុវត្តតាមរយៈការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ច ក្នុងកម្រិត៧% ទាំងជាប្រាក់រៀល និងរូបិយប័ណ្ណ ដែលបានផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យមានសាច់ប្រាក់ក្នុងដៃបន្ថែម។

កត្តានេះគួបផ្សំនឹងការបន្តអនុវត្តវិធានការម៉ាក្រូប្រុងប្រយត្ន ដោយអនុគ្រោះបានធ្វើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានលទ្ធភាពពេញលេញ ក្នុងការបែងចែកឥណទាន ដល់វិស័យអាទិភាព ជាមួយអត្រាការប្រាក់ឥណទានសមរម្យ មានស្ថិរភាព ហើយថែមទាំងបន្តឆ្លើយតប បានក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ពីវិបត្តិ។

ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា បានរឹតបន្តឹងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា មុនគ្រាមានវិបត្តិសុខាភិបាល ជាពិសេសការពង្រឹងដើមទុន ការបង្កើនកម្រិតសន្ទនីយភាពខ្ពស់ និងការធ្វើសំវិធានធន ដោយអភិរក្សនិយម ដែលកត្តាទាំងនេះ អនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជា អាចអនុវត្តការបន្ធូរបន្ថយលើបទប្បញ្ញត្តិដោយពិលាស នៅក្នុងគ្រាមានវិបត្តិ និងក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច»