អភិបាលខេត្តព្រះសីហនុ និងមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចុះពិនិត្យ និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ


(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យ និងការកែលម្អសោភ័ណភាពសណ្តាប់ធ្នាប់ក្នុងសាលាបឋមសិក្សា, អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។

តាមកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការគម្រោងជំនួយវិស្វកម្មកសាង សួនកុមារ និងបន្ទប់ទឹកអនាម័យក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការ សាងសង់អគារបន្ទប់ទឹក បង្គន់ និងកែលម្អសោភ័ណភាពក្នុងសាលាបឋម អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ក្រោមជំនួយថវិកាពីសាខាកាកបាទក្រហមជាំងស៊ូ-វូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ដំណើរការនេះចាប់ផ្តើមពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សម្រេចបានមាន៖

ទី១៖ បន្ទប់ទឹក១ខ្នង (១៧x៣m) ស្មើ១២បន្ទប់ សម្រេចបាន៨០ ភាគរយ

ទី២៖ រៀបចំសួន និងបង្គោលទង់ជាតិ

៣៖ រៀបចំផ្លូវចូលក្នុងសាលាផ្លូវដើរតាមអគារ

៤៖ សួនច្បារក្នុងសាលា (ដាំផ្កា ដាំដើម ឈើ)

៥៖ ជួសជុលអគារ និងលាបពណ៌សាលា

៦៖ រៀបចំតារាងបាល់បោះ បាល់ទះ

៧៖ ជួលជុលក្លោងទ្វារចំណតខាងមុខ និងខាងក្នុង

៨៖ បំពាក់ស្តែនទឹកត្រង់ទឹកភ្លៀង

៩៖ បំពាក់ឧបករណ៍កាយពលកុមារ

១០៖ គូសគំនូសលើជញ្ជាំង

ទី១១៖តបណ្តាញទឹកស្រោចផ្កា និងផ្លូវទឹកភ្លៀង។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណសាខាកាកបាទក្រហមជាំងស៊ូ-វូស៊ី តាមរយៈតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលបានផ្តល់ជំនួយអគារបន្ទប់ទឹក និងការកែលម្អសោភ័ណភាពក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ និងបានសំណូមពរឱ្យក្រុមការងារបច្ចេកទេសពង្រឹង និងពន្លឿនការងារសាងសង់ឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សបានប្រើប្រាស់នាពេលខាងមុខ៕