រដ្ឋបាលរាជធានីភ្នំពេញ គ្រោងជួសជុលមហាវិថីឈ្នះឈ្នះប្រវែងជិត៨គីឡូម៉ែត្រ ឲ្យរួចរាល់មុនការប្រកួតស៉ីហ្គេម ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជិត៨គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងកិច្ចប្រជុំលើកគ្រោង នៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ជាមួយមន្ទីរ មន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឲ្យស្អាត ជាមួយនឹងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះ ត្រូវតែធ្វើឲ្យបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»

ឯកឧត្តម ឃួង ស្រេង បានជំរុញក្រុមការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនឹងការដាក់លូ ដែលអាចឲ្យទឹកហូរ មិនមានដក់លើផ្លូវ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦A រហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែករួចអ៊ុតកៅស៊ូ (AC) ពីរស្រទាប់ ដាក់ព័ន្ធលូចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតសងខាងផ្លូវ ជាមួយនឹងការងារគូស គំនូសសញ្ញាចរាចរណ៍ តម្លើងផ្លាកសញ្ញាចរាចរ តម្លើងបង្គោលអគ្គិសនីបំភ្លឺផ្លូវនៅបណ្ដោយសងខាងផ្លូវ និងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង។ ស៉ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាស ដែលកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង៕