ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះមេគណខេត្តស្ទឹងត្រែង


(ស្ទឹងត្រែង)៖ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃព្រះសព ព្រះវិសុទ្ធិមុនី នុរ ចាន់ថា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង ដែលព្រះអង្គបានចូលទីវង្គតនាថ្ងៃចន្ទ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:៥៦នាទីល្ងាច ក្នុងព្រះជន្ម ៨២ព្រះវស្សា ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំ ឯកឧត្តម ឡូយ សុផាត រួមនឹងមន្រ្តីរាជការ បានចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសង្វេគ សោកស្ដាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារព្រះសព ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទទាំងអស់ ចំពោះការបាត់បង់ ព្រះវិសុទ្ធិមុនី នុរ ចាន់ថា ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង ដែលជាព្រះសង្ឃជាន់ខ្ពស់មួយរូប ដ៏ឆ្នើមធ្លាប់បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ពុះពារមិនខ្លាចនឿយហត់ ប្រកបដោយឆន្ទៈ ដ៏ខ្ពង់ខ្ពស់ និងព្រហ្មវិហារធម៌ គុណធម៌ដ៏ប្រពៃ ចូលរួមបង្កើតបានសមិទ្ធផល និងស្នាដៃជាច្រើន ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ លើកស្ទួយតម្លៃវប្បធម៌ព្រះពុទ្ធសាសនាក្នុងសង្គមជាតិ អស់ជាច្រើនទសវត្សកន្លងមក រហូតដល់អវសាននៃព្រះជន្មរបស់ព្រះអង្គ។

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ក៏បានប្រគល់នូវលិខិតរំលែកទុក្ខរបស់ខេត្ត និងបច្ច័យ គ្រឿងឧបភោគ បរិភោគ ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃព្រះសព យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យព្រះសពទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕