ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវការរីកចម្រើននៃវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤។
ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម រស់ សីលវ៉ា អញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «ទិវាធានារ៉ាប់រង ២០២២» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា និងមានកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងទិវានេះឯកឧត្តម រស់ សីលវ៉ា បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវការរីកចម្រើន នៃវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤ សូមស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ក៖ សម្រាប់និយ័តករធានារ៉ាប់រង
១៖ ពង្រឹងការគ្រប់គ្រងវិស័យនេះ ឲ្យបានរឹងមាំ តាមរយៈការអនុវត្តបទប្បញ្ញត្តិ ស្តីពីការធានារ៉ាប់រង និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិនោះ រួមទាំងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech)
២៖ ពង្រឹងការត្រួតពិនិត្យគ្រឹះស្ថានធានារ៉ាប់រង ឲ្យបានរឹងមាំតាមរយៈការត្រួតពិនិត្យដល់ទីកន្លែង (On-Site Inspection) ឲ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ តាមវិធីសាស្តត្រួតពិនិត្យ ដែលបានកំណត់ស្តង់ដាររួចហើយ
៣៖ ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច
៤៖ ដោះស្រាយបណ្ដឹងជូនសាធារណជន ក្នុងគោលដៅកសាងទំនុកចិត្តរបស់ទីផ្សារធានារ៉ាប់រងទាំងមូល ។
ខ៖ សម្រាប់ប្រតិបត្តិករធានារ៉ាប់រង
១៖ ពង្រីកសមត្ថភាពធនធានមនុស្ស អភិបាលកិច្ច និងអនុលោមភាព
២៖ ខិតខំរៀបចំផលិតផលថ្មីៗ និងកែសម្រួលភាពស្មុគស្មាញនៃផលិតផលរបស់ខ្លួន ឲ្យសាធារណជនងាយយល់;
៣៖ ខិតខំផ្តល់សេវាជូនអតិថិជនប្រកបដោយភាពស្មោះត្រង់ និងដោះស្រាយនីតិវិធីសំណងឱ្យបានឆាប់ និង មានតម្លាភាព
៤៖ ចូលរួមយ៉ាងសកម្មក្នុងការទទួលយក (Adopt), សម្របតាម (Adapt) និងបង្កើតនវានុវត្តន៍ (Innovate) ប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) សម្រាប់ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រង នៅកម្ពុជា។
បន្ថែមពីនោះទៀត លោក រស់ សីលវ៉ា បានលើកឡើងថា វិស័យធានារ៉ាប់រង ក៏បានចូលរួមចំណែក ក្នុងការកសាងភាពស៊ាំ ដើម្បីទប់ទល់នឹងវិបត្ដិ ដែលបណ្ដាញមកពីគ្រោះមហន្ដរាយ ជាពិសេសពីវិបត្ដិសាកល ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ និងពីគ្រោះធម្មជាតិ ដែលបណ្ដាញមកពីការប្រែប្រួលអាកាសធាតុ ដែលការណ៍នេះកំពុងក្លាយជាប្រធានបទដ៏សំខាន់សម្រាប់តំបន់ និងពិភពលោក។
លោក រស់ សីលវ៉ា បានបញ្ជាក់ថា ដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រង ឲ្យមានការរីកចម្រើនថែមទៀត, រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ នូវការធានារ៉ាប់រងយានយន្តឯកជន ជាកាតព្វកិច្ចដែលជាការ ទទួលខុសត្រូវ របស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ពោលគឺ ជួយឲ្យពួកគាត់ទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។
លោកថា ផលប្រយោជន៍ក្នុងការដាក់ដំណើការប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ចនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់សុវត្ថិភាពសង្គម ឲ្យដើរទន្ទឹមគ្នានឹងការដាក់ឲ្យអនុវត្តប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី ៤។
សូមបញ្ជាក់ថា ទិវាធានារ៉ាប់រង ២០២២ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៣៖
ទី១៖ ជាការលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយ អំពីសេវាធានារ៉ាប់រងជូនសាធារណជន
ទី២៖ ជាការបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល
ទី៣៖ ជាការបង្ហាញដល់សាធារណជន ឲ្យបានជ្រាបថា វិស័យធានារ៉ាប់រងជាវិស័យសំខាន់មួយ នៅក្នុងវិស័យហិរញ្ញវត្ថុ និងជាវិស័យដែលមានតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការចូលរួមចំណែក កសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិ។
ទិវានេះ ក៏បានគូសរំលេចឲ្យឃើញថា វិស័យធានារ៉ាប់រងកម្ពុជា មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជិតពីរទសវត្សកន្លងមកនេះ។
បើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន៩៤ ដែលក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចចំនួន៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន១៨ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន២ កំពុងធ្វើប្រតិបត្តិការ អាជីវកម្មធានារ៉ាប់រង។
ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ជាអត្រា១.១% នៅឆ្នាំ២០២១ និងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៨.៧៥ដុល្លារអាមេរិក ក្នុងមួយនាក់។
សូចនាករទាំងពីរនេះបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានទំហំតូចនៅឡើយ បើធៀបនឹងតំបន់ ដែលយើងអាចទាញការសន្និដ្ឋានបានថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្ដានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលអនាគត៕