ព្រះរាជទ្រព្យ ព្រះមហាក្សត្រ និងសម្តេចម៉ែ សរុប១.៥លានដុល្លារ ត្រូវបានប្រគល់ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រួចហើយដើម្បីចូលរួមដោះស្រាយបញ្ហាមីន


(ភ្នំពេញ)៖ ព្រះរាជទ្រព្យរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សរុបចំនួន១,៥០០,០០០ដុល្លារ ត្រូវបានប្រគល់ជូនឯកឧត្តម សេង ទៀង ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។

ដើម្បីចូលរួមដោះស្រាយបញ្ហាមីននៅកម្ពុជា ព្រះមហាក្សត្របានប្រទានព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន។ ចំណែកសម្តេចម៉ែ បានប្រទានព្រះរាជទ្រព្យចំនួន១លានដុល្លារ។

ក្នុងព្រះរាជសារលិខិតជូនសម្តេចតេជោ កាលពីម្សិលមិញ ព្រះមហាក្សត្រ និងសម្តេចម៉ែ បា នប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន និងសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចំណែក សម្តេចតេជោ ហ៊ុន សែន ក៏បា នថ្លែងអំណរព្រះរាជគុណ ចំពោះការប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិ ឲ្យចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីន ឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីបញ្ចប់នូវការគំរាមកំហែងពីគ្រាប់មីន ចំពោះប្រជាពលរដ្ឋកម្ពុជាតទៅទៀត៕