(ភ្នំពេញ)៖ ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងរំលឹកថា រាល់ស្នាដៃអក្សរសាស្ត្រ និងសិល្បៈទាំងអស់ ដែលត្រូវបានបង្កើតឡើង គឺស្ថិតនៅក្រោមការពារដោយស្វ័យប្រវត្តិ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ ក្នុងសិក្ខាសាលា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ស្តីពី កិច្ចការពារស្នាដៃកម្មសិទិ្ធបញ្ញានិងយន្តការដោះស្រាយវិវាទ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាម ច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ក៏ដូចជាខ្លឹមសារនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃ អក្សរសាស្ត្រ និងសិល្បៈដែលកម្ពុជាទើបចូលជាភាគីកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ស្នាដៃអក្សរសាស្ត្រនិងសិល្បៈទាំងអស់ ដែលត្រូវបានបង្កើតឡើង គឺស្ថិតនៅក្រោមការពារដោយស្វ័យប្រវត្តិ ពោលគឺមិនត្រូវអោយម្ចាស់ស្នាដៃចុះបញ្ជីស្នើសុំកិច្ចការពារនោះទេ ប៉ុន្តែវាមានភាពបន់បែនទៅតាមប្រទេសនីមួយៗ ហើយការចុះបញ្ជីនោះគឺជាការចុះបញ្ជីដោយស្ម័គ្រចិត្ត»។
ឯកឧត្តមក៏បានពន្យល់ថា អនុសញ្ញាទីក្រុងប៊ែន គឺជាអនុសញ្ញាគោលឬមូលដ្ឋានផ្នែកសិទ្ធិអ្នកនិពន្ធ ដែលមានវិធានអនុវត្តនឹងគ្របដណ្តប់លើអនុសញ្ញា និងសន្ធិសញ្ញាទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WIPO (World Intellectual Property Organization) ដែលកម្ពុជានឹងទទួលបាននូវគុណប្រយោជន៍ដូចតទៅ៖
* ទទួលបានកិត្តិយសខ្ពស់ស្មើមុខ ស្មើមាត់នឹងគេលើឆាកអន្តរជាតិ។
* ទទួលបានជំនួយបច្ចេកទេស អភិវឌ្ឍន៍ធនធានមនុស្ស ផលិតផលវប្បធម៌និងបច្ចេកវិទ្យាទំនើប។
* ទាក់ទាញទេសចរណ៍ ការវិនិយោគ និងអភិវឌ្ឍឧស្សាហកម្មឆ្នៃប្រឌិតផ្នែកវប្បធម៌និងសេដ្ឋកិច្ចកម្ពុជា។
* ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យកម្មសិទ្ធបញ្ញាអន្តរជាតិ។
* នាំចេញនូវផលិតផលវប្បធម៌ចូលក្នុងទីផ្សារអន្តរជាតិតាមរយៈកិច្ចការពារដោយអនុសញ្ញាទីក្រុងប៊ែន។
* បង្កើតឱ្យមានផលិតផលថ្មីៗនិងទីផ្សារការងារក្នុងស្រុកនិងពង្រឹងគុណភាពនៃវិស័យអប់រំ។
ក្នុងនាមជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន កម្ពុជាក៏បានស្នើសុំ «ខ» រក្សាសិទ្ធិ ក្នុងកិច្ចការដោះស្រាយវិវាទដោយមិនអនុវត្តយន្តការតាមប្រព័ន្ធតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយវិវាទនៃការរំលោភបំពានស្នាដៃនោះទេ ពោលគឺដើម្បីរក្សាការពារផលប្រយោជន៍របស់ប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងដំណាក់កាលនៃការអនុវត្តច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលក្នុងនាមប្រទេសកំពុងអភិវឌ្ឍន៍តិចតួច។
ទន្ទឹមជាមួយគ្នានេះ រាល់យន្តការដោះស្រាយវិវាទករណីរំលោភលើការប្រើប្រាស់ស្នាដៃ គឺត្រូវបានដោះស្រាយតាមវិធីសាស្ត្រ ២យ៉ាងសំខាន់ៗ គឺ (ទី១) យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺកិច្ចការងារសម្របសម្រួលដែលមាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បាននឹងកំពុងអនុវត្តនាពេលកន្លងមក និង (ទី២) យន្តការដោះស្រាយ នីតិវិធីតុលា ក្នុងករណីម្ចាស់ស្នាដៃឬក៏ដើមបណ្តឹងមិនអាចសម្របសម្រួលគ្នាបាន។
ជាក់ស្តែងសព្វថ្ងៃនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាស្ថាបនិកបង្កើតច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានធ្វើការដោះស្រាយនិងសម្របសម្រួលបញ្ចប់បញ្ហាវិវាទជាច្រើន រួមទាំងវិវាទ ក្នុងស្រុកនិងក្រៅស្រុក ប្រកបដោយភាពជោគជ័យ ក្រោមយន្តការនយោបាយ ឈ្នះ-ឈ្នះ ដើម្បីកាត់បន្ថយការដោះស្រាយដោយប្រព័ន្ធតុលាការ ដើម្បីរក្សាបាននូវសុខដុមនីយកម្មវប្បធម៌ ក្រោមដំបូល សន្តិភាពតែមួយ។
«ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខ្ញុំមានសុទិដ្ឋនិយមថា យន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះយន្តការនេះនឹងកាត់បន្ថយពីពាក្យថាសត្រូវ មកជាមិត្ត ឬក៏អាចជាដៃគូសហការគ្នាទៅវិញ ក៏ព្រោះតែប្រសិនបើវិវាទត្រូវដោះស្រាយដល់តុលាការគឺលទ្ធនឹងទទួលបាន ១ ចាញ់ ១ ឈ្នះ ហើយអ្នកទាំងនោះនឹងអាចក្លាយទៅជាសត្រូវនឹងគ្នាដោយមិនអាចរាប់រកគ្នាបានទេ។ ហេតុដូច្នេះហើយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែព្យាយាមសម្របសម្រួល និងបញ្ចប់បញ្ហាវិវាទតាម រយៈការផ្សះផ្សាររវាងភាគីពាក់ព័ន្ធទាំងអស់»។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានឲ្យដឹងបន្ថែម។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានដាស់តឿនដល់ អ្នកបង្កើតស្នាដៃសិល្បៈទាំងអស់ ចំពោះរឿងលួចចម្លងស្នាដៃពីអ្នកដទៃ ដោយគ្មានការអនុញ្ញាត ព្រោះជាហេតុនាំឲ្យពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។ នេះជាការថ្លែងរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ៕