នាព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាជូន ឯកឧត្តម Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ចំពោះមុខគណៈប្រតិភូដែលដឹកនាំដោយឯកឧត្ដមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានជូនពរឲ្យការស្នាក់នៅ និងការបំពេញបេសកកម្មរបស់ឯកឧត្ដម និងគណៈប្រតិភូទទួលបានជោគជ័យតាមការគ្រោងទុក។
ជាការឆ្លើយតប ឯកឧត្តម Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានថ្លែងអំណរគុណ និងជម្រាបជូនសម្ដេចនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមជូនចំពោះសម្ដេច និងបានយកឱកាសនេះចូលរួមអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យព្រឹត្តិការណ៍ជាតិសំខាន់ៗនៅកម្ពុជា ជាពិសេសនៅពេលថ្មីៗនេះ គឺដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។
ឯកឧត្ដមក៏សូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ និងព្រឹត្តិការណ៍កាលពីខែមិថុនាកន្លងទៅ ពាក់ព័ន្ធទំនាក់ទំនងប្រទេសទាំងពីរដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងតំបន់ X16 ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ឯកឧត្តម ក៏បានជម្រាបជូនដែរថា ថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពិតជាពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសជិតខាងទាំងពីរ និងប្ដេជ្ញាជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះឯកឧត្ដមអនុរដ្ឋមន្ត្រី ដែលបានពាំនាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។ សម្ដេចក៏បានឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមមកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏អរគុណចំពោះការអបអរសាទរនូវដំណើរការប្រកបដោយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជា ពីសំណាក់ភាគីវៀតណាម។ សម្តេចក៏បានជម្រាបដែរថា ចំពោះការគ្រប់គ្រងជំងឺកូវីដ-១៩ ជាការពិតកម្ពុជាខ្លួនឯងទទួលបានជោគជ័យមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកជួយទប់ស្កាត់ពីប្រទេសជិតខាងរបស់កម្ពុជា ក្នុងនោះក៏ការចូលរួមពីប្រទេសវៀតណាមផងដែរ។
ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្តេចបានឯកភាពចំពោះការបន្តរីកចម្រើនឥតឈប់ឈរ ជាពិសេសព្រឹត្តិការណ៍នៅទីតាំង X១៦ ដែលក៏ជាព្រឹត្តិការណ៍មួយនឹងបន្តរួមចំណែកលើកកម្ពស់នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចក៏បានជម្រាបជូនដែរថា នៅក្នុងការងារសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះបីជាប្រឈមទៅនឹងបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ក៏សម្ដេច និងសមាភាគីវៀតណាម បានបន្តទំនាក់ទំនងជាបន្តបន្ទាប់តាមយន្តការដែលមានស្រាប់ ហើយកន្លងមកទាំងការប្រជុំខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ និងការប្រជុំរវាងក្រសួងនគរបាលវៀតណាម ជាមួយនឹងក្រសួងមហាផ្ទៃ គឺតែងតែអនុវត្តទៅតាមការកំណត់ តាមប្រព័ន្ធអនឡាញ ហើយដែលកិច្ចការទាំងនេះក៏បានរួមចំណែកធ្វើឲ្យការងាររក្សាថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែនរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរផងដែរ។
សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះជម្រាបជូនឯកឧត្តមអនុរដ្ឋមន្ត្រីផងដែរថា បច្ចុប្បន្នពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ គឺមានកិច្ចការសំខាន់ៗចំនួនពីរ ដោយទីមួយ គឺពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទីពីរ គឺការងារប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ដែលកិច្ចការទាំងនេះជាការងារដ៏ស្មុគស្មាញ ហើយដែលកម្ពុជាកំពុងតែបន្តយុទ្ធនាការ ក៏ដូចជាបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់។ សម្ដេចបន្តថា មួយវិញទៀត កម្ពុជាក៏កំពុងតែខិតខំប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសសម្អាតប្រាក់ និងការប្រឆាំងទៅនឹងការរីកសាយភាយនៃអាវុធមហាប្រល័យផងដែរ។
ឯកឧត្ដម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានថ្លែងអំណរគុណសម្តេចក្រឡាហោម ចំពោះការវាយតម្លៃទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏ឯកភាពចំពោះការលើកឡើងរបស់សម្ដេចទៅលើទិដ្ឋភាល្អប្រសើរ នៃការរក្សាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។ ឯកឧត្ដមក៏សូមឯកភាពថា បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស គឺជាកិច្ចការមួយដែលប្រឈម និងត្រូវតែបន្តធ្វើយ៉ាងណាខិតខំសហការដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប។
បន្ថែមពីនេះសម្ដេចក្រឡាហោមក៏បាន ជម្រាបជូនឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមថា សម្ដេចសូមស្នើតាមរយៈឯកឧត្តមអនុរដ្ឋមន្ត្រី ដើម្បីភាគីទាំងពីរពិនិត្យលទ្ធភាពស្វែងរកនូវពេលវេលាសមស្រប ដើម្បីរៀបចំសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ខេត្តព្រៃវែង ជាប់ខេត្តតៃនិញ ប្រទេសវៀតណាម ដែលមកដល់ពេលនេះបានដាក់ឲ្យដំណើរការបណ្ដោះអាសន្នរួចហើយ។
សម្ដេចក៏សង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងរកពេលវេលាសមស្រប ដើម្បីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីក្នុងការសម្ពោធច្រកទ្វារអន្តរជាតិនេះ ដើម្បីជួយរួមចំណែកបន្ថែមទៀតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាវៀតណាម ជាពិសេសទំនាក់ទំនងទៅលើផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងក៏ជាការរំឭកដល់អនុស្សាវរីយ៍កាលពីសម័យតស៊ូ។
ឯកឧត្តមអនុរដ្ឋមន្ត្រី បានទទួកយកនូវប្រសាសន៍សម្ដេច និងសន្យាថា នឹងរាយការណ៍ជូនថ្នាក់ដឹកនាំ។ ឯកឧត្តម ក៏បង្ហាញការកត់សម្គាល់ឃើញនូវការកើនឡើងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំកន្លងទៅ ក៏ដូចជាក្នុងឆមាសទី១ ឆ្នាំ២០២២ និងបានចាត់ទុកថា កំណើននេះក៏កើតចេញពីការផ្លាស់ប្ដូរពាណិជ្ជកម្មតាមច្រកទ្វារ ម៉ឺនជ័យ ផងដែរ ៕