សម្តេចតេជោ ហ៊ុន សែន លើកឡើងគំនិតផ្តួចផ្តើម២ ដើម្បីឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ


(ភ្នំពេញ)៖ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន២ ដើម្បីស្នើឱ្យ រដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសប្រទេសជាសមាជិកអាស៊ានទាំងអស់ លើកលែងតែមីយ៉ាន់ម៉ា ដែលមិនបានចាត់តាំងតំណាងមិនមែនអ្នកនយោបាយតាមការអញ្ជើញរបស់កម្ពុជា។ ចំណែកហ្វីលីពីន លោករដ្ឋមន្រ្តី Enrique Manalo បានឆ្លងជំងឺកូវីដ១៩ ហើយលោកបានចាត់តាំងអនុរដ្ឋមន្រ្តីម្នាក់ជាតំណាងប្រទេស។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ត្រូវបានដាក់របៀបវារៈជាច្រើន ដើម្បីជជែកពិភាក្សាគ្នា ក្នុងនោះក៏មានបញ្ហាសន្តិសុខនៅក្នុងតំបន់ ដែលអាចនឹងជជែកអំពីភាពតានតឹងនៅកោះតៃវ៉ាន់ផងដែរ។ ទោះជាមានរបៀបវារៈច្រើនក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ក៏បានផ្តួចផ្តើមគំនិតចំនួន២ទៀត សម្រាប់ជំនួបរដ្ឋមន្រ្តីការបរទេសក្នុងសប្ដាហ៍នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គំនិតផ្តួចផ្តើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិតនៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាត ផ្នែកបរិស្ថាន។

សម្តេចបានលើកឡើងថា រហូតមកដល់ពេលនេះ អាស៊ាន បាន និងកំពុងដាក់ចេញនូវដំណោះស្រាយ ជាគោលនយោបាយជាច្រើន ប៉ុន្តែការឆ្លើយតបរបស់យើង ហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។ អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។ ជាការប្រសើរ ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌធំទូលាយមួយ ដែលសម្តេចសូមហៅថាជា កិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាត ឱ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែក សេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ។ សម្តេចសូមស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការ ធ្វើឱ្យគំនិតផ្ដួចផ្ដើមនេះក្លាយជាការពិត។

គំនិតផ្តួចផ្តើមទីពីរ ត្រូវបានសម្តេចអះអាងថា គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ សម្តេចបញ្ជាក់ថា អាស៊ាន បានឯកភាពអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធី នានា ក្រោមយុទ្ធសាស្ត្រធំទាំង ៤ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្ត្រធំទី៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្តានុពលនៃទីផ្សារអន្តរ អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ជឿជាក់ថាយើងត្រូវការជា ចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការ អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមាន កាលពីខែ មករា កន្លងទៅនេះ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃ លេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខា ធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបាន និងកំពុងរៀបចំគម្រោងសំណើលម្អិត ទៀតផង។

សម្តេចសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូច ជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ៕