(ភ្នំពេញ)៖ អំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ត្រូវបាននាំយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ចំនួន៤០គ្រួសារ នៅសង្កាត់ទួលទំពូងទី២ ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីប្រគល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ព្រមទាំងមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។
នាឱកាសនោះ ប្រធានគណៈកម្មាធិការអនុសាខា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។
លោកបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោក ថេង សុថុល បានលើកឡើងថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាពប្រចាំថ្ងៃ។
បន្ថែមពីនេះប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ឬត្រូវប្រយ័ត្នបំផុតជំងឺអុតស្វាទាំងអស់គ្នា។
ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំឮកដល់ពលរដ្ឋថា ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល នាំអោយសំរាមហូរតាមទឹកភ្លៀងបង្កជាការកកស្ទះតាមមាត់អណ្តូងលូ ឬហូរចូលប្រឡាយនាំកកស្ទះផ្លូវបណ្តាលឱ្យលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋជាចម្បង។
លោក ស៊ុន សិទ្ឋី នាយករដ្ឋបាល បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះក្នុង ១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ ១យួរ ទឹកបរិសុទ្ធ ១យួរ ម៉ាស ២៥សន្លឹក ជែលសម្លាប់មេរោគ ១ដប និងថវិកា ២០,០០០រៀល៕