កងទ័ពកម្ពុជា វៀតណាម និងឡាវ គ្រោងធ្វើសមយុទ្ធរួមគ្នាពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ នៅដើមខែកញ្ញា លើទឹកដីឡាវ


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញរបស់ក្រសួង បានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ កងទ័ពប្រជាជនវៀតណាម និងកងទ័ពឡាវ គ្រោងធ្វើសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយនៃប្រទេសទាំង៣ នៅដើមខែកញ្ញា ឆ្នាំ២០២២ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្តថា ការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំង៣ គឺដើម្បីត្រៀមលក្ខណៈសម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារសម្រាប់សង្គ្រោះគ្រប់ឧប្បវហេតុនៃគ្រោះមហន្តរាយ ដែលកើតមានឡើង ដោយយថាហេតុជាមុន និងដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងបានទាន់ពេលវេលា។

ការឱ្យដឹងបែបនេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ របស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំនៃទីស្ដីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ជំនាញ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ មេបញ្ជាការរងកងទ័ពទាំង៣ប្រភេទ និងនាយទាហានមកពីស្ថាប័នជំនាញ ដែលជាសមាជិកក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះន្ទាន់ និងស្ដារឡើងវិញគ្រោះមហន្តរាយ ក្នុងក្រសួងការពារជាតិកម្ពុជា ជាច្រើនរូប។

ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រសួងការពារជាតិកម្ពុជា ត្រៀមបញ្ជូនកម្លាំងជំនាញ នៃក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ដើម្បីចូលរួមក្នុងសកម្មភាពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់នៃប្រទេសទាំង៣។

ក្នុងកិច្ចប្រជុំពិភាក្សានេះ កងទ័ពកម្ពុជា បានគ្រោងរៀបចំសម្ភារ ឧបករណ៍សង្គ្រោះបន្ទាន់ និងចាត់បញ្ជូនកម្លាំងកងទ័ពជំនាញរបស់ខ្លួន ដែលធ្លាប់មានបទពិសោធន៍ក្នុងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយគ្រប់ឧប្បវហេតុ ដូចជា៖ កម្លាំងជំនាញដែលមានបទពិសោធន៍ក្នុងការជួយសង្រ្គោះឧបទ្ទវហេតុធ្លាក់យន្តហោះ កងកម្លាំងដែលមានបទពិសោធន៍ក្នុងសកម្មភាពជួយសង្គ្រោះការរលំបាក់អាគារខ្ពស់ៗ កងកម្លាំងជំនាញដែលមានបទពិសោធន៍ ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាដើម ចំនួន៤០រូប រួមនឹងសម្ភារឧបករណ៍សង្គ្រោះបន្ទាន់ មួយចំនួនធំ តបតាមការអញ្ជើញរបស់ភាគពីកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុងសកម្មភាពសមយុទ្ធនេះ៕