(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញទទួល
ទទួលកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន ៥០០ឯកតា ពីរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺអុតស្វា
ដែលប្រព្រឹត្ដទៅនៅទីស្តីការក្រសួងសុខាភិបាល។
ពិធីប្រគល់ និងទទួលនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា ថ្ងៃនេះដោយទទួលបានការអនុញ្ញាតដ៏ឧត្តុង្គឧត្តមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិ ធីប្រគល់ និងទទួលកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ឯកតា ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអុតស្វា។
ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «កម្ពុជា និងសហព័ន្ធរុស្សី មានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ហើយបច្ចុប្បន្ន ប្រទេសយើងទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុង អាស៊ានបូក ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងផលប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ»។
ឯកឧត្តមសាស្ដ្រាចារ្យ បន្ដថា ថ្ងៃនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី បានបង្កើតនូវកាលានុវត្តភា ពថ្មីមួយទៀត ដែលជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ដោយបានដាក់ជំងឺអុតស្វា ជាបញ្ហាសុខភាពសាធារណៈសកល។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា «រហូតមកដល់ពេលនេះ កម្ពុជាមានករណីជំងឺអុតស្វាតែ១ករណីគត់ ជាករណីនាំចូល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានត្រៀមលក្ខណៈដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីមានការផ្ទុះឡើងជំងឺអុតស្វា ជាយថាហេតុ»។
ការផ្តល់ជំនួយកញ្ចប់តេស្តរកវីរុសអុតស្វា (Monkeypox Test Kits) ចំនួន៥០០ ថ្ងៃនេះ ជាការរួមចំណែក ដើម្បីត្រៀមបម្រុងទប់ស្កាត់ ឆ្លើយតបការរីករាលដាលនៃជំងឺអុតស្វា គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនរុស្សី ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល កំពុងជួបនឹងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក។
ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្ដថា «ខ្ញុំជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ នឹងកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច- សង្គម ជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំ ពោះរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី ជាពិសេស ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំកម្ពុជា និង Russian State Research Center of Virology and Biotechnology VECTOR ដែលជាក្រុមហ៊ុនផលិតកញ្ចប់តេស្តរកវីរុសអុតស្វានេះ»៕