(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា តែងផ្តល់សារៈសំខាន់ខ្លាំង ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៉ី និងចង់ឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះវិវឌ្ឍន៍កាន់តែល្អប្រសើរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម សឺហ្គៃ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ឡាវរ៉ូវ បានគូសរំលេចពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៉ី។ ក្នុងនោះប្រមុខការទូតរុស្ស៉ី បានជំរុញឱ្យមានការពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិការមានស្រាប់ ហើយបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិនិយោគ និងវិស័យដទៃទៀត។
ក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៉ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ហើយកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៉ី។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៉ី ដែលបានគាំទ្រ និងផ្តល់ជំនួយដ៏មានតម្លៃជាច្រើន ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។
ឯកឧត្តម អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «យើងមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាព និងសមាណចិត្តក្នុងពេលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់»។
ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតនោះ សម្តេចតេជោ និងប្រមុខការទូតរុស្ស៉ី បានឯកភាពគ្នាឱ្យរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស។
សូមបញ្ជាក់ថា នៅក្នុងជំនួបនេះប្រមុខការទូតរុស្ស៉ី បានសម្ដែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ប្រមុខការទូតរុស្ស៉ី ក៏បានជម្រាបសម្តេចតេជោ អំពីស្ថានការណ៍ និងជំហររបស់រុស្ស៉ី ជុំវិញករណីជម្លោះជាមួយអ៊ុយក្រែនផងដែរ៕