រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជានឹងដាក់ចេញកញ្ចប់ទស្សនាអង្គរពេញមួយជីវិត សម្រាប់ភ្ញៀវអន្តរជាតិ


(ភ្នំពេញ)៖ កម្ពុជានឹងដាក់ចេញកញ្ចប់ទស្សនាអង្គរពេញមួយជីវិត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីទាក់ទាញពួកគេឱ្យមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបបានច្រើនដង។

គម្រោងដ៏ពិសេសនេះ ក្រសួងទេសចរណ៍ និងក្រសួង/ស្ថាប័នពាក់ព័ន្ធកំពុងសិក្សារៀបចំ ដើម្បីស្នើទៅកាន់រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយក្រសួង/ស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះក៏នឹងស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។

សំណើមួយក្នុងចំណោមនោះ គឺការរៀបចំឱ្យមានបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើស ក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព (Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិ អាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍ និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ក្រៅពីគម្រោងរៀបចំឱ្យកញ្ចប់ទស្សនារមណីយដ្ឋាន អង្គរពេញមួយជីវិត ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដូចជាការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រតម្លៃទាបនៅកម្ពុជាជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា សិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗនេះ ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេស គឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។

មួយទៀតសោត គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរ ទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខផងដែរ៕