កម្ពុជា ត្រៀមវិញ្ញាសាជាង ៥០០ ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣


(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា កម្ពុជាបានត្រៀមវិញ្ញាសាជាង ៥០០វិញ្ញាសា សម្រាប់ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកីឡា ៣៩ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ ត្រូវបានអនុម័តរួចរាល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីខែកក្កដាកន្លងទៅ។

ការលើកឡើងនេះ បន្ទាប់ពី CAMSOC បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីត្រួតពិនិត្យ និងសម្រេចលើវិញ្ញាសា ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី១១ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ឯកឧត្តមថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងស្របពេលដើមសប្ដាហ៍ក្រោយ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងបើកកិច្ចប្រជុំមួយនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីត្រួតពិនិត្យកម្មប្រកួតស៊ីហ្គេមនៅកម្ពុជា។ ហេតុនេះទើបគណៈកម្មាធិការជាតិ CAMSOC កោះប្រជុំជាមួយសហព័ន្ធជាតិ ដើម្បីត្រួតពិនិត្យលើការងាររបស់សហព័ន្ធ ពិសេសការសម្រេចលើការកំណត់វិញ្ញាសាប្រកួត សម្រាប់យកទៅបង្ហាញក្នុងកិច្ចប្រជុំដ៏សំខាន់ខាងលើ។

អគ្គលេខាធិការដដែលបន្ដថា «កិច្ចប្រជុំនេះ គឺដើម្បីកំណត់វិញ្ញាសាដែលត្រូវដាក់ចូលក្នុងការប្រកួតក្នុងប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានសម្រេចរួចហើយ។ អ៊ីចឹងអ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ ដោយដាក់វិញ្ញាសារបស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយនេះ (ថ្ងៃចន្ទ អង្គារ ពុធ) គឺជាថ្ងៃដែលប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នទីក្រុងបាងកក យើងនឹងបង្ហាញគេអំពីប្រភេទវិញ្ញាសាដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម។ បើយើងបូកទៅគឺជាង ៥០០វិញ្ញាសា ស្មើនឹងជាង ៥០០មេដាយ ដែលយើងត្រូវរៀបចំនៅស៊ីហ្គេម ២០២៣»

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា «យើងបានជម្រះ បានន័យថាយើងបានស្កេនគ្រប់ប្រភេទកីឡាទាំងអស់ឲ្យមានភាពជាក់លាក់ថាវិញ្ញាសា ដែលគាត់បានដាក់នេះ ពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកឧត្តមភាព គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រក្នុងការស្វែងរកនូវជយលាភីរបស់គាត់។ យើងប្រជុំថ្ងៃនេះយើងលម្អិតអំពីចំណុចតូចៗណាដែលយើងមិនទាន់យល់គ្នា នៅមានភាពស្រពិចស្រពិល មិនទាន់យល់យុទ្ធសាស្ត្រស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹងសហព័ន្ធទាំងអស់គឺយើងបានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសារបស់គាត់បានរួចរាល់អស់ហើយ»

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានចាត់ទុកនេះគឺជាជោគជ័យមួយជំហានទៀត សម្រាប់ការរៀបចំផ្នែកបច្ចេកទេស និងស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ដោយមានការណែនាំបន្ថែមដល់សហព័ន្ធ ត្រូវយកចិត្តទុកដាក់មើលការហ្វឹកហាត់កីឡាករ-កីឡាការិនីជម្រើសជាតិ ជំរុញខាងផ្នែកចិត្តសាស្ត្រ ជំរុញខាងផ្នែកការគាំទ្រ ជំរុញខាងផ្នែកការហ្វឹកហាត់កម្លាំងកាយ ទាំងបច្ចេកទេសឲ្យបានស្របគ្នា ព្រោះកីឡាករ-កីឡាការិនី គឺជាតួឯកនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមថ្លែងបន្តថា ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ឯកឧត្តមបណ្ឌិត ថោង ខុន គឺត្រូវធ្វើយ៉ាងណាឲ្យមានភាពស្មោះត្រង់ និងមានភាពបរិសុទ្ធថ្លៃថ្នូរ ក្នុងការធ្វើការងារបច្ចេកទេស មិនមែនជាការរៀបចំដោយមិនគោរពបទបញ្ជាការប្រកួត និងគោលការណ៍ Fair Play នោះឡើយ ពោលគឺធ្វើយុទ្ធសាស្ត្រនៅក្នុងបច្ចេកទេស និងក្នុងក្របខណ្ឌនៃបទបញ្ជាប្រកួត៕

 

 

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com