លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារគោរពជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ


(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ត្រីរាជការ ផ្ញើសារគោរពជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសេចក្ដីអំណរសាទរយ៉ាងជ្រាលជ្រៅពោរពេញ ដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ មានជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យការងារថ្មីៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលបានលះបង់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី នៅក្នុងបេសកកម្មដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ធផលជាច្រើនរយៈកាលកន្លងមក និងក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ប្រកបដោយឆន្ទៈដ៏មោះមុតដែលបានខិតខំរួមចំណែកយ៉ាងក្លៀវក្លាក្នុងការដឹកនាំកសាងប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាព ព្រមជាមួយនិងការអភិវឌ្ឍលើគ្រប់វិស័យឥតឈប់ឈរ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះអង្គតាមជួយថែរក្សាការពារប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕