សម្តេចតេជោ ហ៊ុន សែន៖ វិបត្តិកូវីដ១៩ បង្កើតកាលានុវត្តភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា វិបត្តិកូវីដ១៩ បានបង្កើតកាលានុវត្តភាព នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យអប់រំ ដែលបានចាប់ផ្តើមបង្រៀនតាមអនឡាញ ដែលជាបរិបទថ្មី។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «វិបត្តិតែងមានកាលានុវត្តភាពនៅទីនោះ តើជាអ្វីទៅ? នោះគឺនៅត្រង់ថា ប្រទេសកម្ពុជារបស់យើង នៅពេលដែលជួបវិបត្តិកូវីដ១៩ បញ្ហាឌីជីថលរបស់យើង បានលោតផ្លោះ ក្នុងជំហានមួយគួរឱ្យកត់សម្គាល់ខ្លាំងណាស់ ក្នុងបញ្ហាឌីជីថលនេះ វាគ្របដណ្តប់ធំជាងគេនៅក្នុងវិស័យអប់រំ នោះគឺសិស្សានុសិស្សរបស់យើងរៀនតាមប្រព័ន្ធអនឡាញ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីប្រសាសន៍របស់ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទកាសែត កាលពីថ្មីៗនេះ ដែលនិយាយថា ផ្នែកឌីជីថតកម្ពុជា អាចមានការវិវឌ្ឍលឿនបើប្រៀបធៀបទៅនឹងការគ្រោងទុក គឺលឿនជាងប្រមាណជា១០ឆ្នាំ។ ទោះបីជាមិនអាចសន្និដ្ឋានបាន ប៉ុន្តែសម្តេចបានមើលឃើញពីភាពជាក់ស្តែង ដែលបានកើតឡើងនៅប្រទេសកម្ពុជា អំពីភាពជឿនលឿន នៃបច្ចេកវិទ្យាព័ត៌មាន នៅអំឡុងពេលកូវីដ១៩ នេះផងដែរ។

សម្តេចបានអះអាងថា ជាសំណាងសម្រាប់ពិភពលោក ហើយក៏ជាសំណាងរបស់កម្ពុជា ដែលបច្ចេកវិទ្យាព័ត៌មានបានដើរមុនកូវីដ១៩។ សម្តេចបន្តថា៖ «វាជាសំណាងហើយដែលយើងមានអនឡាញមុនពេលកូវីដ១៩ មកដល់ ប្រសិនបើគ្មានអនឡាញមុនពេលកូវីដ១៩មកដល់ទេ ប្រហែលជាទំនាក់ទំនងនៅក្នុងពិភពលោក ក៏ដូចជាទំនាក់ទំនងនៅក្នុងក្របខណ្ឌប្រទេសរបស់យើង នឹងជួបការលំបាក»