ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចេញទៅទទួល និងរៀបចំទុកដាក់វ៉ាក់សាំងនោះទាំងយប់ផងដែរ។ បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងនេះ គឺជាជំនួយទ្វេភាគី។

លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤លានដូស ហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦លានដូស។

វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តន៍វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់ ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៥៥ម៉ឺននាក់។

បើទោះបីជាពេលបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នៅតែបន្តប្រកាន់យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺកូវីដ១៩មិនទាន់បាត់ពីភពផែនដីទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវដល់ពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កម្ពុជា មិនត្រឹមតែជាប្រទេសដែលទទួលបានជោគជ័យលើការងារគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ។ តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានរកកម្ពុជា ក៏ជាប្រទេសដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរជាងគេផងដែរ។

ការគ្រប់គ្រងជំងឺកូវីដ១៩ ដោយជោគជ័យ បានធ្វើឱ្យកម្ពុជាសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ។ ធ្វើឱ្យកម្ពុជា អាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាប្រធានអាស៊ានដោយផ្ទាល់ឡើងវិញ នៅដើមខែសីហានេះ បន្ទាប់ពីការប្រជុំដោយផ្ទាល់នេះ ត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ។

លទ្ធផលដ៏គាប់ប្រសើររបស់កម្ពុជាលើការងារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យមានការកោតសរសើរកម្ពុជាជាខ្លាំង។ ថ្នាក់ដឹកនាំប្រទេសជាមិត្ត អង្គការអភិវឌ្ឍន៍នានា បានវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមសហការយ៉ាងល្អប្រសើររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា៕